អ្នកជំនាញ៖ ក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ លោក ត្រាំ មានឱកាសស្តាទំនាក់ទំនងជាមួយចិន និងរុស្ស៊ីឡើងវិញ... (Video Inside)
09-11-2018 14:01
(វ៉ាស៊ីនតោន)៖ ក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានអ្នកជំនាញនយោបាយអន្តរជាតិមើលថា កំពុងទទួលបានឱកាសជាថ្មី ដើម្បីស្តាឡើងវិញនូវគោលនយោបាយការបរទេសរបស់លោក ដែលសំដៅលើកស្ទួយទំនាក់ទំនងជាមួយរុស្ស៉ី និងចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ចន វ៉ាលស៍ (John Walsh) ដែលជាសាស្រ្តាចារ្យ និងជាអ្នកជំនាញនយោបាយមួយរូបបាននិយាយថា ខណៈនេះបក្សប្រជាធិបតេយ្យអាមេរិក បានដណ្តើមកាន់កាប់សភាតំណាងរាស្រ្ត រីឯបក្សសាធារណរដ្ឋនៅបន្តគ្រប់គ្រងព្រឹទ្ធសភាដដែល ហើយលោក ដូណាល់ ត្រាំ នឹងអាចមានភាពបត់បែនច្រើនជុំវិញរបៀបវារៈដើម នៃគោលនយោបាយការបរទេសរបស់លោក ប៉ុន្តែអ្វីដែលនៅសល់នោះគឺ តើលោកនឹងអាចឆក់យកឱកាសមួយនេះដែរ ឬយ៉ាងណា?
លោក Walsh បានសង្កត់ធ្ងន់ថា នាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ បានសម្តែងការប្រឆាំង ចំពោះគោលនយោបាយការបរទេសដែលសំដៅធ្វើយ៉ាងណាឲ្យសហរដ្ឋអាមេរិកជាប្រទេសចក្រពត្តិនិយម ដោយផ្ទុយទៅវិញលោកមានបំណងចង់ធ្វើឲ្យអាមេរិក ក្លាយជាប្រទេសសាមញ្ញមួយតែស្ថិតនៅចំណាត់ថ្នាក់កំពូលជានិច្ច ប៉ុន្តែលោកត្រូវបានរារាំងមិនឲ្យសម្រេចគោលដៅនេះ។
គួរជម្រាបថា យោងតាមអ្នកជំនាញខាងលើបើលោក ត្រាំ ជ្រើសដើរតាមគោលនយោបាយសម្របសម្រួលមិត្តភាពជាមួយរុស្ស៊ី និងចិនឡើងវិញនោះ ទោះបីជាបានជោគជ័យទាំងស្រុង ឬក៏អត់ក្តី ពិភពលោកអាចនឹងជៀសឆ្ងាយពីសង្រ្គាមអាក្រក់ៗ និងសូម្បីតែសង្រ្គាមនៃអាវុធនុយក្លេអ៊ែរថែមទៀតផង៕