(ជូហៃ)៖ ប្រទេសរុស្ស៉ីបានបញ្ចប់ការអភិវឌ្ឍហើយ និងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនូវប្រព័ន្ធ Electronic Warfare ឬ EW សម្រាប់បំពាក់លើមីស៊ីលប្រដេញចម្ងាយឆ្ងាយ ដែលប្រើប្រាស់នៅក្នុងវិស័យយោធារបស់ខ្លួន។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនអភិវឌ្ឍន៍ ប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិចនេះ ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងក្នុងពិព័រណ៍ Airshow China 2018 នៅឯទីក្រុង ជូហៃ (Zhuhai) ប្រទេសចិន អ្នកតំណាងក្រុមហ៊ុនរុស្ស៉ី Concern Radio-Electronic Technologies (KRET) បានឲ្យដឹងថា នាពេលនេះ Cruise Missile របស់រុស្ស៉ីមានប្រព័ន្ធការពារផ្លូវអាកាសពេញលេញមួយហើយ ពីព្រោះថាអាវុធយុទ្ធសាស្រ្តទាំងនេះ ត្រូវតែមានការការពារឲ្យបានរឹងមាំបំផុត។
KRET បានបញ្ជាក់ថា ប្រព័ន្ធ EW សម្រាប់បំពាក់លើ Cruise Missile បានឆ្លងកាត់ការធ្វើតេស្តនានាដោយជោគជ័យ និងកំពុងស្ថិតក្រោមការផលិតទ្រង់ទ្រាយធំតែម្តង។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនខាងលើ ប្រព័ន្ធបច្ចេកវិទ្យា EW ទាំងនេះ នឹងត្រូវបំពាក់ជាចម្បងឲ្យមីស៊ីលប្រដេញចម្ងាយឆ្ងាយ X-101 និង X-102 ដែលប្រើដោយយន្តហោះទម្លាក់គ្រាប់បែករុស្ស៉ី Tu-95 Tu-160 និង Tu-22M3។
គួរជម្រាបថា មីស៊ីល X-101 គឺជា Cruise Missile បាញ់ពីផ្ទៃអាកាសមកលើដីជំនាន់ថ្មីបំផុតរបស់រុស្ស៉ី ដែលត្រូវបានរចនាឡើងដើម្បីកុំឲ្យប្រព័ន្ធរ៉ាដាងាយចាប់សញ្ញាបាន (បំបាំងកាយ)។ មីស៊ីលនេះមានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងមានរយៈចម្ងាយរហូតដល់ ៤,៥០០គីឡូម៉ែត្រ។ រុស្ស៉ីជារឿយៗបានប្រើប្រាស់មីស៊ីល X-101 ដើម្បីវាយប្រហារក្រុមភេរវករនៅក្នុងប្រទេសស៊ីរី៕