(វ៉ាស៊ីនតោន)៖ មេធាវីការពារសិទ្ធិមនុស្សម្នាក់ គឺលោកស្រី ជូលី ហឺវីតស៍ (Julie Hurwitz) បាននិយាយថា អគ្គរដ្ឋអាជ្ញាស្ដីទីលោក ម៉ាត់ត៍ វ៉ៃធេខឺ (Matt Whitaker) គឺអាចអាក្រក់ជាង ១០ដង បើធៀបទៅនឹងអតីតអគ្គរដ្ឋអាជ្ញា និងជារដ្ឋមន្ត្រីយុត្តិធម៌ លោក ចេហ្វ សេសសិនស៍ (Jeff Sessions) ដែលទើបត្រូវបានលោក ដូណាល់ ត្រាំ បណ្តេញចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកស្រី Julie Hurwitz ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោកស្រីបានបញ្ជាក់ប្រាប់ Sputnik យ៉ាងដូច្នេះថា «លោក Matt Whitaker គឺអាចនឹងអាក្រក់ជាង ១០ដង បើធៀបទៅនឹងអតីតអគ្គរដ្ឋអាជ្ញា និងជារដ្ឋមន្ត្រីយុត្តិធម៌ លោក Jeff Sessions ទៅទៀត...»។
លោកស្រី Julie បានសង្កត់ធ្ងន់បន្ថែមទៀតថា «នៅក្រោមដឹកនាំក្រសួងយុត្តិធម៌អាមេរិក ដោយបុគ្គលរូបនេះ (Whitaker) លោកអាចនឹងបន្តរំលោភបំពានលើសិទ្ធិជនស៊ីវិល ក្នុងនោះរួមមានទាំងការគាំទ្របម្រាមចូលសហរដ្ឋអាមេរិក របស់ប្រធាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើជនអន្តោប្រវេសន៍មកពីប្រទេសកាន់សាសនាអ៉ីស្លាមមួយចំនួន ជាពិសេសគឺការប្រឆាំងនឹងការស៉ើបអង្កេត ជុំវិញការលូកដៃរបស់រុស្ស៉ីចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ ជាដើម»។
គួរបញ្ជាក់ថា លោក Whitaker មានអាយុ ៤៩ឆ្នាំ គឺជាប្រធានបុគ្គលិករបស់លោក Sessions ចាប់តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ហើយលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីយុត្តិធម៌ជាបណ្ដោះអាសន្ន ក្រោយលោក ត្រាំ បណ្ដេញលោក Sessions ចេញពីតំណែង។ លោក Jeff Sessions ត្រូវបានលោក ដូណាល់ ត្រាំ បណ្ដេញចេញពីតំណែងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីគណបក្សសាធារណរដ្ឋរបស់លោក បានរបូតការគ្រប់គ្រងលើសភាតំណាងរាស្ត្រ ទៅឱ្យបក្សប្រជាធិបតេយ្យ ក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ។
ប៉ុន្តែការបណ្ដេញ លោក Sessions ចេញពីតំណែងត្រូវបានគេមើលឃើញថា ជាឱកាសដែលលោក ត្រាំ អាចតែងតាំងរដ្ឋមន្ត្រីយុត្តិធម៌ថ្មីម្នាក់ ដែលលោកជឿជាក់ថា អាចជួយលោកបញ្ឈប់ការស៉ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសអាមេរិក លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ជុំវិញសំណុំរឿងរុស្ស៊ី។ លើសពីនេះទៅទៀត លោក ត្រាំ ធ្វើបែបនេះអាចជាការពិន័យលើអតីតរដ្ឋមន្ត្រីយុត្តិធម៌រូបនេះ សម្រាប់ការដកខ្លួនចេញពីការស៉ើបអង្កេតលើរុស្ស៉ី៕