(អាមេរិក)៖ ជនឈ្មោះ អ៊ីយ៉ាន ដេវីដ ឡង (Ian David Long) ត្រូវអាជ្ញាធរអាមេរិកកំណត់អត្តសញ្ញាណបានថា គឺជាខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្ស១២នាក់ ក្នុងករណីបាញ់ប្រហារនៅក្លឹបកម្សាន្តពេលរាត្រីមួយកន្លែង នៃក្រុង សៅសិន អកស៍ (Thousand Oaks) ភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ខ្មាន់កាំភ្លើងរូបនេះក៏បានបាត់បង់ជីវិត ក្នុងហេតុការណ៍ខាងលើផងដែរ ដោយសារការធ្វើអត្តឃាតខ្លួនឯងផ្ទាល់ បន្ទាប់ពីបានបង្កឲ្យមនុស្សសរុប ២៥នាក់ទៀតរងរបួស ក្រៅពីអ្នកដែលបានបាត់បង់ជីវិតទាំង ១២នាក់។ បើតាមការបញ្ជាក់ពីអាជ្ញាធរអាមេរិក លោក Ian David Long មានអាយុ ២៨ឆ្នាំ និងធ្លាប់មានតួនាទីជាកងទ័ពម៉ារីន។ សម្រាប់អាវុធដែលជនដៃដល់ប្រើប្រាស់ គឺជាប្រភេទកាំភ្លើងខ្លី Glock 21-a ខណៈមនុស្សរាប់រយនាក់ត្រូវបានគេអះអាងថា បានស្ថិតក្នុងក្លឹបកើតហេតុនៅពេលផ្ទុះករណីបាញ់ប្រហារ។
គួរជម្រាបថា ហេតុការណ៍ខាងលើនេះត្រូវគេចាត់ទុកថា ជាករណីបាញ់ប្រហារដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តអាមេរិក ហើយអាជ្ញាធរមិនទាន់អាចកំណត់មូលហេតុ ដែលបង្កឲ្យជនដៃដល់ខាងលើ បាញ់សម្លាប់មនុស្សយ៉ាងរង្គាលបែបនេះបាននៅឡើយទេ៕