(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានប្រកាសថា ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យរដ្ឋាភិបាលបរទេសបានកើនឡើង ៣៣ភាគរយ ក្នុងឆ្នាំសារពើពន្ធ ២០១៨ នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ការលក់ សព្វាវុធចេញទៅក្រៅប្រទេសបានកើនឡើង ៣៣ភាគរយ ឬ ៥៥.៦៦ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០១៨ បើធៀបជាមួយ ឆ្នាំ២០១៧ មានត្រឹមតែ ៤១.៩៣ពាន់លានដុល្លារ។
បន្ថែមពីលើនេះ សេចក្ដីថ្លែងការណ៍ដដែលក៏បានឱ្យដឹងដែរថា អារ៉ាប៊ីសាអូឌីត គុយវ៉ែត ប៉ូឡូញ បារ៉ែន និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម គឺជាម៉ូយដ៏សំខាន់នៃទីផ្សារលក់សព្វាវុធរបស់សហរដ្ឋអាមេរិក ហើយក្នុងនោះទៀតសោត អារ៉ាប៊ីសាអូឌីត គឺជាម៉ូយធំជាងគេដែលកំពុងបញ្ជាទិញវានាចម្បាំង និងប្រព័ន្ធមីស៉ីល Patriot ជាមួយតម្លៃសរុប ៨.១ពាន់លានដុល្លារ។
គួរបញ្ជាក់ថា គិតជាសរុបការលក់អាវុធរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមពីរដ្ឋាភិបាលទៅរដ្ឋាភិបាល និងពាណិជ្ជកម្មលក់ដោយ ផ្ទាល់បានកើន ១៣ភាគរយ ឬស្មើនឹង ១៩២.៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨៕