(សេអ៊ូល)៖ មេបញ្ជាការកងទ័ពអាមេរិកថ្មីប្រចាំកូរ៉េខាងត្បូង (USFK) លោក Robert B. Abrams បានឡើងកាន់តំណែង ជាផ្លូវការហើយ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងបរិបទដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង កំពុងស្ថិតនៅក្នុង ភាពមិនច្បាស់លាស់ ក្រោយទីក្រុងព្យុងយ៉ាងព្រមានអនុវត្តគោលនយោបាយផលិតអាវុធនុយក្លេអ៊ែរឡើងវិញ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ពិធីឡើងកាន់តំណែងរបស់លោក Robert ធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងទីក្រុង Pyeongtaek ស្ថិតចំងាយ ៧០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងសេអ៊ូល។ លោក Robert បានឡើងកាន់តំណែងជាមេបញ្ជាការកងទ័ព USFK ជំនួស លោក Vincent Brooks ដែលបានដឹកនាំកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូងមួយនេះចាប់តាំងពីខែមេសា ឆ្នាំ២០១៦មក។
ក៏ប៉ុន្តែ ការឡើងកាន់តំណែងរបស់លោក Robert បានធ្វើឡើងនៅចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ហាក់ដូចជាតានតឹងឡើងវិញ បន្ទាប់ពីទីក្រុងព្យុងយ៉ាង កាលពីសប្ដាហ៍មុន បានព្រមានថានឹងអនុវត្ត
គោលនយោបាយផលិតអាវុធនុយក្លេអ៊ែរឡើងវិញ បើសិនជាសហរដ្ឋអាមេរិកមិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរបបដឹក នាំលោក គីម ជុងអ៊ុន ទេនោះ។
គួរបញ្ជាក់ថា បច្ចុប្បន្នកងទ័ពអាមេរិក ២៨,៥០០នាក់ កំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង ចាប់តាំងពីសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) បានបិទបញ្ចប់៕