(ដាម៉ាស់)៖ មេបញ្ជាការយោធាមួយរូប នៃប្រទេសស៉ីរីបានលើកឡើងថា ការប្រគល់ប្រព័ន្ធមីស៉ីលការពារអាកាសរុស្ស៉ី S-300 មកកាន់ស៉ីរី ពុំបានលុបបំបាត់ចោលទាំងស្រុងនូវហានិភ័យ នៃការវាយប្រហារថ្មីជាបន្តបន្ទាប់ដោយអ៉ីស្រាអែលនោះឡើយ ប៉ុន្តែវាបានកាត់បន្ថយលទ្ធភាពជោគជ័យនៃសកម្មភាពទាំងនោះ ឲ្យនៅតិចតួចបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ឆ្លើយតបសំណួរថា តើអាចមានការវាយប្រហារថ្មីពីអ៉ីស្រាអែល ក្រោយការមកដល់នៃប្រព័ន្ធ S-300 ដែរឬអត់ លោកឧត្តមសេនីយ៍ត្រី Hasan Ahmad Hasan ប្រធានការិយាល័យនយោបាយរបស់កងទ័ពស៉ីរី បាននិយាយថា នៅក្នុងយុទ្ធសាស្រ្តយោធា គឺពុំមាននោះឡើយនូវទស្សនដែលថា រឿងអ្វីៗអាចពុំមានលទ្ធភាពកើតឡើងទាល់តែសោះ ពីព្រោះថា បើយើងមើលទៅលើផ្ទៃមេឃដែលបើកចំហល្វឹងល្វើយ ព្រំដែនធំសម្បើម និងបច្ចេកវិទ្យាប្លែកៗជាច្រើន គឺមិនអាចមានការធានាទាំងស្រុងបាននោះទេ ប៉ុន្តែលទ្ធភាពនៃការវាយប្រហារហើយទទួលបានជោគជ័យ គឺត្រូវបានកាត់បន្ថយឲ្យនៅមានកម្រិតតិចតួចស្តួចស្តើង។
គួរជម្រាបថា កាលពីថ្ងៃទី០២ ខែតុលា ប្រព័ន្ធខែលការពារដែនអាកាសរុស្ស៉ី S-300 ថ្មី ត្រូវបានបញ្ជូនទៅដល់ស៉ីរី បន្ទាប់ពីមានករណីបាញ់ទម្លាក់យន្តហោះឈ្លបការណ៍រុស្ស៉ីដោយយល់ច្រឡំ ពីសំណាក់ប្រព័ន្ធការពារអាកាស S-200 របស់ស៉ីរី ចំពេលមានការវាយប្រហារពីកងយន្តហោះចម្បាំង F-16 របស់អ៉ីស្រាអែលទៅលើខេត្ត ឡាតាគា (Latakia) នៃប្រទេសស៉ីរី៕