(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានសម្ដែងការស្វាគមន៍ និងកោតសរសើរយ៉ាងខ្លាំង ចំពោះការចូលមកដល់នៃក្រុមហ៊ុនទូរគមន៍ចិន (China Telecommunications Corp.,ឬ China Telecom) នៅក្នុងឧស្សាហកម្មទូរគមនាគមន៍ហ្វីលីពីន ដោយលោកថែមទាំងបានបញ្ជាក់ច្បាស់ទៀតថា ហ្វីលីពីននឹងទទួលបានផលចំណេញ ពីការប្រកួតប្រជែងដ៏ល្អមួយដែលចិននឹងនាំ មកឱ្យឧស្សហកម្មមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការលើកឡើងខាងលើរបស់លោក ឌូតឺតេ ធ្វើឡើងក្រោយគណៈកម្មាធិការជ្រើសរើស នៃគណកម្មការជាតិទូរគមនាគន៍ហ្វីលីពីន (NTC) នៅថ្ងៃពុធសប្ដាហ៍នេះ ប្រកាសពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន China Telecom និងក្រុមហ៊ុនហ្វីលីពីន Udenna Corp. ក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍ នៅក្នុងប្រទេសហ្វីលីពីន។
លោក ឌូតឺតេ បានបញ្ជាក់ប្រាប់ស៊ីនហួរយ៉ាងដូច្នេះថា «វត្តមានរបស់ក្រុមហ៊ុន China Telecom នឹងផ្ដល់ការប្រកួតប្រជែងមួយយ៉ាងល្អ នៅក្នុងឧស្សាហកម្មទូរគមនាគមន៍ក្នុងប្រទេស ហ្វីលីពីន... ស្របពេលដែលប្រទេសចិន បានបង្ហាញយ៉ាងច្បាស់ពីគុណភាពផ្នែកគ្រឿងអេឡិចត្រូនិក ដ៏គួរឱ្យទុកចិត្ត»។
គួរជម្រាបថា ក្រុមហ៊ុន China Telecom គឺជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅក្នុងប្រទេសចិន ហើយត្រូវបានចុះបញ្ជីនៅ ក្នុងទីផ្សារភាគហ៊ុនហុងកុង និងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក៕