(ហាណូយ)៖ ក្នុងអំឡុងពេល ១០ ខែនៃឆ្នាំ២០១៨ វៀតណាមរកបានចំណូលប្រមាណ ៣.៣ពាន់លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ចំណូលខាងលើស្មើនឹងអត្រាកំណើនប្រចាំឆ្នាំ ១៥.៥ភាគរយ ហើយអ្នកដែលនាំចូលផលិតផលបន្លែ-ផ្លែឈើពីវៀតណាមច្រើនជាងគេបង្អស់ គឺប្រទេសចិនដែលទទួលបន្ទុកលើ៧៤ភាគរយនៃទិន្នផលបន្លែ និងផ្លែឈើសរុប ដែលវៀតណាមបាននាំចេញទៅខាងក្រៅប្រទេស។ សម្រាប់ ១០ខែឆ្នាំ២០១៨នេះ ចិន ថៃ អូស្រ្តាលី អាមេរិក និងកូរ៉េខាងត្បូង បានធ្វើការនាំចូលបន្លែ-ផ្លែឈើកាន់តែច្រើនថែមទៀត ពីប្រទេសវៀតណាម។
គួរជម្រាបថា បើតាមការព្យាករណ៍របស់ក្រសួងកសិកម្មវៀតណាម ប្រទេសអាស៊ានមួយនេះ នឹងសម្រេចបានគោលដៅរបស់ខ្លួន ក្នុងការលក់បន្លែ-ផ្លែឈើទៅក្រៅប្រទេស ឲ្យបានចំណូលយ៉ាងតិច ០៤ពាន់លានដុល្លារ។ សម្រាប់បន្លែផ្លែឈើដែលវៀតណាមដាំដើម្បីនាំចេញទៅលក់នៅបណ្តាប្រទេសធំៗខាងលើនេះ គឺទទួលបានការថែទាំ និងពិនិត្យពីគុណភាពយ៉ាងល្អិតល្អន់បំផុត ទើបទទួលបានទំនុកចិត្តពីបណ្តាប្រទេសទាំងនោះ៕