(ម៉ូស្គូ)៖ ជំនួយការម្នាក់របស់លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺលោក Yury Ushakov បានឱ្យដឹងថាមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាអាចនឹងបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ី នៅឆ្នាំក្រោយនេះ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Ushakov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក នៅថ្ងៃពុធសប្ដាហ៍នេះ ដូច្នេះថា៖«ខ្ញុំសង្ឃឹមថាដំណើរទស្សនកិច្ចនេះ នឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយ»។ ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា លោក Ushakov មិនបានទទួលស្គាល់សេចក្ដីរាយការណ៍ថា លោក គីម ជុងអ៊ុន នឹងមកទស្សនកិច្ចនៅទីក្រុងម៉ូស្គូ នៅក្នុងខែវិច្ឆិកានេះឡើយ។ កាលពីថ្ងៃចន្ទកន្លងទៅ មន្ត្រីទូតជាន់ខ្ពស់ កូរ៉េខាងត្បូងប្រចាំទីក្រុងម៉ូស្គូ លោក Woo Yoon-keun បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម អាចនឹងបំពេញ ដំណើរទស្សនកិច្ចមកកាន់រុស្ស៊ី នៅចុងខែវិច្ឆិកានេះ។
គួរបញ្ជាក់ថា នៅអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង កាលពីខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រគល់លិខិតមួយឱ្យលោក គីម ជុងអ៊ុន ហើយដែលលិខិតនេះ ត្រូវបានគេជឿជាក់ថាជាការអញ្ជើញលោក គីម បំពេញទស្សនកិច្ចមកកាន់រុស្ស៊ី។ តែរហូតមកទល់ពេលនេះ កូរ៉េខាងជើងមិនទាន់ឆ្លើយតបអ្វីនៅឡើយទេ៕