(អាតែន)៖ បំណែកអាចម៍ផ្កាយតែមួយគត់ ដែលធ្លាក់នៅក្រិកត្រូវបានដាក់តាំងបង្ហាញជាលើកដំបូងនៅសារមន្ទីរ ហ៊ែរ៉ាកឡៃដន (Herakleidon) នៅក្នុងរដ្ឋធានីអាតែន នាថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
បំណែកអាចម៍ផ្កាយ Serres ត្រូវបាននាំយកមកពីសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិ NHM នៅទីក្រុងវីយែន នៃប្រទេសអូទ្រីស ក្រោយពីធ្លាក់នៅក្រិកកាលពី ២០០ឆ្នាំមុន។ សម្រាប់ការផ្ទេរមកដាក់តាំងបង្ហាញ សម្រាប់រយៈពេលប៉ុន្មានថ្ងៃនៅទីក្រុងអាតែន គឺដើម្បីអបអរឱកាសខួប ២០០ឆ្នាំនេះផងដែរ។
គួរជម្រាបថា បំណែកអាចម៍ផ្កាយនេះមានទម្ងន់ ៨.៥គីឡូក្រាម។ វាបានបញ្ចប់ការរសាត់អណ្តែងក្នុងទីអវកាស កាលពីខែមិថុនា ឆ្នាំ១៨១៨ នៅពេលដែលវាបានជាប់ក្នុងដែនទំនាញផែនដី ហើយធ្លាក់នៅភាគខាងជើងក្រិច ក្បែរទីក្រុង ស៊ែរែស (Serres)។
ទិន្នន័យជាក់លាក់អំពីការធ្លាក់របស់វា ពុំមានអ្នកដឹងច្បាស់ជាងនេះឡើយ ហើយនៅឆ្នាំ១៨៤៤ បំណែកអាចម៍ផ្កាយនេះ ក៏បានលេចរូបរាងឡើងក្នុងសារមន្ទីរ NHM នៅវីយែនតែម្តង ជាទីដែលវាត្រូវបានរក្សាទុក រហូតមកជាមួយបំណែកអាចម៍ផ្កាយជាច្រើនផ្សេងទៀត៕