(វ៉ាស៉ីនតោន)៖ បន្ទាប់ពីត្រឡប់ទៅគ្រប់គ្រងសភាតំណាងរាស្ត្រសាជាថ្មី គណបក្សប្រជាធិតេយ្យនឹងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបង្កភាពស្មុគស្មាញដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្តែពួកគេនឹងមិនមានអំណាចគ្រាប់គ្រាន់ទម្លាក់លោក ត្រាំ ចេញពីតំណែងបានឡើយ។ នេះបើតាមសម្តីអ្នកជំនាញនយោបាយមួយរូប គឺលោក អ៊ែដវ៉ដ លូហ្សានស្កាយ (Edward Lozansky) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Lozansky ដែលជាស្ថាបនិក និងជាប្រធានសាកលវិទ្យាល័យអាមេរិកក្នុងទីក្រុងម៉ូស្គូ ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Lozansky បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្មានអ្វីត្រូវសង្ស័យទេគណបក្សប្រជាធិបតេយ្យ នឹងដឹកនាំរាល់គ្រប់គណៈកម្មាធិការសភាទាំងអស់ ហើយពួកគេនឹងព្យាយាមបង្កភាពស្មុគស្មាញដល់លោក ដូណាល់ ត្រាំ... ជាពិសេសគឺបង្កើនការស៉ើបអង្កេតលើសំណុំរឿងចោទប្រកាន់រុស្ស៊ីថា បានលូកដៃចូលក្នុងការកិច្ចការ បោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ ក៏ប៉ុន្តែដោយសារតែព្រឹទ្ធសភា នៅតែស្ថិតនៅក្នុងកណ្ដាប់ដៃ បក្សសាធារណរដ្ឋដដែល នោះពួកគេមិនមានអំណាចគ្រប់គ្រាន់ ដើម្បីទម្លាក់លោក ត្រាំ ចេញពីតំណែងនោះទេ»។
គួរបញ្ជាក់ថា បើតាមលទ្ធផលចុងក្រោយនៃការបោះឆ្នោតសភាអាមេរិក ពាក់កណ្ដាលអាណត្តិ កាលពីថ្ងៃអង្គារ គណបក្សប្រជាធិបតេយ្យទទួលបានអសនៈក្នុងសភា ២២២ ទល់នឹង ១៩៦ អសនៈនៃបក្សសាធារណរដ្ឋរបស់លោក ត្រាំ ដែលនៅតែបន្តគ្រប់គ្រងព្រទ្ធសភាដដែល៕