(វ៉ាស៉ីនតោន)៖ ក្រោយការអនុវត្តន៍ទណ្ឌកម្មចូលជាធរមាន សហរដ្ឋអាមេរិកនាថ្ងៃពុធសប្តាហ៍នេះបានព្រមានដល់គ្រប់កំពង់ផែ និងក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ឲ្យនៅឲ្យឆ្ងាយពីនាវារបស់ប្រទេសអ៉ីរ៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការព្រមាននេះត្រូវបានធ្វើឡើងដោយលោក ប្រាយអេន ហ៊ូក (Brian Hook) មន្រ្តីតំណាងពិសេសទទួលបន្ទុកលើគោលនយោបាយប្រទេសអ៉ីរ៉ង់ នៃក្រសួងការបរទេសអាមេរិកដែលបាននិយាយថា ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៉ីនតោន ក៏ប៉ះពាល់ដល់ក្រុមហ៊ុនរ៉ាប់រង និងកំពង់ផែនានា ដែលផ្តល់សេវាកម្មផ្សេងៗទៅឲ្យក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់អ៉ីរ៉ង់ ដែលជាប់បញ្ជីខ្មៅផងដែរ។
គួរជម្រាបថា បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីខែឧសភា ទណ្ឌកម្មដែលត្រូវបានដកចេញពីទីក្រុងតេហេរ៉ង់នៅក្រោមកិច្ចព្រមព្រៀងនេះ ក៏បានចាប់ផ្តើមចូលជាធរមានវិញជាបន្តបន្ទាប់។ សម្រាប់កញ្ចប់ទណ្ឌកម្មខ្នាតធំថ្មីចុងក្រោយនេះ គឺពាក់ព័ន្ធទៅលើវិស័យពាណិជ្ជកម្មប្រេង វិស័យដឹកជញ្ជូនតាមកប៉ាល់ និងវិស័យធនាគាររបស់អ៉ីរ៉ង់៕