(ប៉ារីស)៖ រដ្ឋមន្រ្តីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំថា ទីក្រុងប៉ារីសនឹងព្យាយាមដឹកនាំកិច្ចប្រឹងប្រែងរបស់សហភាពអឺរ៉ុប ដើម្បីប្រឆាំងតទល់ជាមួយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលទើបបានដាក់ទៅលើប្រទេសអ៉ីរ៉ង់ ហើយបារាំងក៏នឹងខិតខំលើកស្ទួយលុយអឺរ៉ូនៅលើឆាកអន្តរជាតិផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោករដ្ឋមន្រ្តីសេដ្ឋកិច្ចបារាំង បានលើកឡើងថា អឺរ៉ុបមិនសុខចិត្តឱបដៃឈរមើលសហរដ្ឋអាមេរិកតម្កើងខ្លួន ធ្វើជាអ្នកត្រួតត្រាលើវិស័យពាណិជ្ជកម្មពិភពលោកឡើយ ខណៈដែលឥឡូវនេះកញ្ចប់ទណ្ឌកម្មថ្មីទ្រង់ទ្រាយធំរបស់ទីក្រុងវ៉ាស៉ីនតោន ប្រឆាំងនឹងអ៉ីរ៉ង់បានចូលជាធរមានថ្មីៗនេះ។ លោក Maire បានបន្តថា បញ្ហាវិវាទអាមេរិក-អឺរ៉ុប ជុំវិញទណ្ឌកម្មលើអ៉ីរ៉ង់ និងការព្យាយាមបង្កើតយន្តការហិរញ្ញវត្ថុថ្មីរបស់សហភាពអឺរ៉ុប ដែលមានគោលដៅបន្តការធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់ បានរំលេចកាន់តែច្បាស់ពីភាពចាំបាច់សម្រាប់ឲ្យអឺរ៉ុបធានាឲ្យបាននូវ អធិបតេយ្យភាពសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក។
គួរជម្រាបថា ការកត់សម្គាល់របស់រដ្ឋមន្រ្តីសេដ្ឋកិច្ចបារាំងរូបនេះ បានកើតមានឡើង បន្ទាប់ពីកញ្ចប់ទណ្ឌកម្មខ្នាតធំលើវិស័យពាណិជ្ជកម្មប្រេង វិស័យដឹកជញ្ជូនតាមកប៉ាល់ និងវិស័យធនាគាររបស់អ៉ីរ៉ង់ បានចូលជាធរមាននាថ្ងៃចន្ទកន្លងទៅ។ ទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៉ីនតោន បានសម្រេចផ្តល់ការលើកលែងដល់ប្រទេសចំនួន០៨ ឲ្យរួចខ្លួនពីទណ្ឌកម្មនេះ ដោយប្រទេសទាំងនោ រួមមានចិន ឥណ្ឌា អ៉ីតាលី ក្រិច ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងតួកគី នៅអាចបន្តនាំចូលប្រេងពីអ៉ីរ៉ង់បាន៕