(អ៊ីរ៉ង់)៖ ទណ្ឌកម្មថ្មីដ៏តានតឹងរបស់សហរដ្ឋអាមេរិក ដាក់សម្ពាធទៅលើប្រទេសអ៊ីរ៉ង់ បានចូលជាធរមានកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ។ ជាមួយនឹងទណ្ឌកម្មថ្មីនេះ ប្រធានាធិបតីអាមេរិកមានបំណងក្នុងការរារាំងទាំងស្រុងនូវការនាំចេញប្រេង ដែលជាឆ្នាំងបាយដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់។ ការដាក់ទណ្ឌកម្មថ្មីបំផុតរបស់អាមេរិក បានហាមឃាត់រាល់ក្រុមហ៊ុនទាំងអស់ ដែលធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់ មិនឱ្យធ្វើអាជីវកម្មនៅលើទឹកដីសហរដ្ឋអាមេរិកឡើយ។ ម្យ៉ាងវិញទៀត ទណ្ឌកម្មនេះ ក៏បានរារាំង ក្រុមហ៊ុនអាមេរិក មិនឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុនណាមួយ ដែលមានទំនាក់ទំនងសេដ្ឋកិច្ច ជាមួយប្រទេសអ៊ីរ៉ង់ដូចគ្នា។
ទោះបីជាយ៉ាងនេះក្តី លោក ត្រាំ បានអនុញ្ញាតឱ្យរដ្ឋចំនួនប្រាំបីបន្តរក្សាការនាំចូលពីប្រទេសអ៊ីរ៉ង់ ជាសម្បទានបណ្ដោះអាសន្ន។ ចំណុចនេះ វាហាក់បញ្ជាក់ថា លោក ត្រាំ បានទទួលស្គាល់ថា ការរាំងខ្ទប់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ ឱ្យដល់សូន្យជារឿងងាយនោះទេ។
សម្រាប់បណ្ដារដ្ឋជាច្រើន វាជារឿងមិនអាចទៅរួចឡើយ ក្នុងការកាត់ផ្តាច់ទំនាក់ទំនងផ្នែកការផ្គត់ផ្គង់ថាមពល ជាមួយរដ្ឋាភិបាលក្រុងតេហេរ៉ង់ ក្នុងរយៈពេលខ្លីមួយ នោះហើយជាមូលហេតុដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានអនុញ្ញាតឱ្យបណ្តាប្រទេសខ្លះបន្តនាំចូលប្រេង និងឧស្ម័នពីប្រទេសអ៊ីរ៉ង់ ប៉ុន្តែពួកគេចាំបាច់ត្រូវកាត់ការនាំចូល ក្នុងបរិមាណយ៉ាងច្រើន ឬបញ្ឈប់ការនាំចូលទាំងស្រុងក្នុងពេលអនាគត។
ជាក់ស្តែងដូចជាប្រទេសតួកគី ដែលទទួលការផ្គត់ផ្គង់ថាមពលពីប្រទេសអ៊ីរ៉ង់ ដូច្នេះវាមិនអាចទៅរួចទេសម្រាប់តួកគី ក្នុងការអនុវត្តតាមចេតនារបស់ប្រទេសមហាអំណាចអាមេរិក ដោយកាត់ផ្ដាច់ការនាំចូលពីអ៊ីរ៉ង់ក្នុងពេលដ៏ខ្លីខាងមុខ ព្រោះរដ្ឋាភិបាលទីក្រុងអង់ការ៉ា ពិបាកក្នុងស្វែងរកប្រភពផ្គត់ផ្គង់ថាមពលថ្មីពីបណ្តារដ្ឋដទៃ ព្រមទាំងបង្កឱ្យសេដ្ឋកិច្ចប្រទេសនេះទន់ខ្សោយ និងផុយស្រួយ។
មិនមែនមានប្រទេសតួកគីតែប៉ុណ្ណោះទេ នៅមានបណ្តាប្រទេសជាច្រើនទៀតដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក ក៏ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នាដែរ។ គិតត្រឹមថ្ងៃ២៨ ខែតុលា គឺក្នុងរយៈពេលប៉ុន្មានថ្ងៃមុនការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកចូលជាធរមាន ក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ អាចលក់ប្រេងឆៅបានរហូតដល់ ២៨០ពាន់បារ៉ែល ក្នុងតម្លៃ ៧៤,៨៥ដុល្លារក្នុងមួយបារ៉ែល ជាសញ្ញាបង្ហាញពីតម្រូវការប្រេង ពីប្រទេសអ៊ីរ៉ង់យ៉ាងខ្លាំងក្លា។
ប្រសិនបើសហរដ្ឋអាមេរិកមិនផ្ដល់ការលើកលែង ចំពោះប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងរបស់អ៊ីរ៉ង់ទេនោះ ច្បាស់ណាស់ថាប្រទេសទាំងនោះ នឹងរំលោភបំពានទៅលើគោលការណ៍ នៃទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន ទៅលើរដ្ឋាភិបាល តេហេរ៉ង់ដោយចៀសមិនរួច។
ប៉ុន្តែបើទោះបីជាកិច្ចសហប្រតិបត្តិការលើផ្នែកថាមពលរបស់អ៊ីរ៉ង់ អាចបន្តបន្ទាប់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកក្តី ក៏ប្រទេសប្រេងមួយនេះនឹងនៅតែរងផលប៉ះពាល់ដដែល។
រំឮកដល់គ្រាមួយ ពេលដែលរដ្ឋាភិបាលក្រុងតេហេរ៉ង់ បានចុះហត្ថលេខាលើផែនការសកម្មភាពរួម ឬហៅកាត់ថា (JCPOA) កិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែកក្កដា ឆ្នាំ២០១៥ ជាមួយប្រទេសចិន បារាំង រុស្ស៊ី សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) ក្តីសង្ឃឹមដ៏ធំបំផុតរបស់ប្រទេស អ៊ីរ៉ង់ គឺការវិលត្រឡប់មកវិញនូវការវិនិយោគអន្តរជាតិទ្រង់ទ្រាយធំ ដើម្បីជួយបង្កើនបរិមាណការងារ និងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស ដែលពិតជាមានសារៈសំខាន់ជាខ្លាំង សម្រាប់ប្រជាប្រិយភាពរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក រ៉ួហានី និងប្លុកនយោបាយរបស់លោក។ សម្រាប់លោក រ៉ួហានី និងប្រទេសអ៊ីរ៉ង់ ក្រុមវិនិយោគិនដែលពួកគេចាប់អារម្មណ៍ចង់បានខ្លាំង គឺប្រទេសនៅអឺរ៉ុប។
បណ្ដាប្រទេសនៅអឺរ៉ុប បានសម្តែងទំនុកចិត្តថា អ៊ីរ៉ង់នឹងរក្សាការប្តេជ្ញាចិត្តគោរពតាមគោលការណ៍ JCOPA ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងមិនដើរតាមគន្លងរបស់សហរដ្ឋអាមេរិក ដោយដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ឡើយ។ ទន្ទឹមនឹងនេះផងដែរនោះ មេដឹកនាំនៃបណ្ដាប្រទេស អឺរ៉ុប បានសម្រេចចិត្តអនុវត្តយន្តការទូទាត់ ជាមធ្យោបាយពិសេស ដើម្បីជួយដល់ទ្រទ្រង់ក្រុមហ៊ុនអឺរ៉ុប ដើម្បីចៀសវាងការខាតបង់ដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ទោះជាយ៉ាងនេះក្តី គោលនយោបាយរបស់អឺរ៉ុប នៅតែមិនអាចរារាំងក្រុមហ៊ុនអឺរ៉ុបជាច្រើន ឱ្យដកខ្លួនចេញពីទីផ្សារអ៊ីរ៉ង់បាននៅឡើយ ដែលរួមមានក្រុមហ៊ុនសំខាន់ៗ ដូចជាក្រុមហ៊ុន Total និងក្រុមហ៊ុន Airbus ជាដើម។ ក្រុមហ៊ុនរបស់ប្រទេសនៅអឺរ៉ុបភាគច្រើន ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់មានតម្លៃខ្ពស់ ហេតុនេះបើទោះបីជាមានការអនុវត្តគោលនយោបាយទូទាត់ពិសេស ឬវិធានការផ្សេងទៀត ក៏ពិបាកក្នុងការលុបបំបាត់ការខាតបង់របស់ខ្លួនជាខ្លាំង៕