(ប៉េកាំង)៖ លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន ស៊ី ជិនពីង និងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់ អង្គការសុខភាពពិភពលោកសម្រាប់ប្រឆាំងនឹងជំងឺរបេង និងជំងឺអេដស៍បានជួបពិភាក្សាការងារជាមួយលោក Bill Gates ប្រធាននៃអង្គការមូលនិធិ Gates អាមេរិកកាលពីថ្ងៃទី ៥ ខែវិច្ឆិកា នៅក្រុងសៀងហៃ។

លោកស្រី Peng Liyuan បានថ្លែងថា សព្វថ្ងៃនេះប្រទេសចិនកំពុង​ខិតខំប្រឹងប្រែងកសាង​ប្រទេសចិន ដែលប្រជាពលរដ្ឋមាន​សុខភាពល្អ និងកាត់បន្ថយ​ភាពក្រីក្រ ព្រមទាំងបង្ការកុំឲ្យរាល់ប្រជាពលរដ្ឋ​មានជីវភាពក្រីក្រ​ ដោយសារកើតជំងឺ​ក៏ដូចជាចូលរួម យ៉ាងសកម្ម​នូវអភិបាលកិច្ច​សុខភាពពិភពលោកផងដែរ។

លោកស្រីបានបន្ថែមថា «យើងខ្ញុំគាំទ្រអង្គការ​មូលនិធិ Gates ដើម្បីបន្តបង្កើនកិច្ចសហប្រតិបត្តិការ​ជាមួយប្រទេសចិន ក្នុងនោះរួមទាំង​ការបង្កើនកម្លាំងធនធានមនុស្ស​ផ្នែកសុខាភិបាលចិន និងក្រុមការងារបម្រុងសម្រាប់​កិច្ចការសុខភាពពិភពលោក​ផងដែរ»

ដោយឡែក លោក Bill Gates បានអបអរសាទរ​ចំពោះការបើកធ្វើពិព័រណ៍​នាំចូលចិនអន្តរជាតិ​លើកដំបូងដោយជោគជ័យ។ លោក បានបញ្ជាក់ថា ក្រោមស្ថានភាព​អន្តរជាតិដ៏ស្មុគស្មាញ​នាពេលបច្ចុប្បន្ននេះ គឺមានសារៈសំខាន់ណាស់​សម្រាប់ប្រទេសចិន ក្នុងការបើកទូលាយ​ប្រកបដោយបរិយាប័ន្ន និងប្រកាន់ខ្ជាប់នូវស្មារតីផ្តល់​ផលប្រយោជន៍ដល់គ្នា​ទៅវិញ និងឈ្នះ-ឈ្នះបង្កើនកិច្ច សហប្រតិបត្តិការ​ជាមួយបណ្តា​ប្រទេសនានា។

«ខ្ញុំសូមកោតសរសើរ​ចំពោះការនេះ និងសូមវាយតម្លៃខ្ពស់​ចំពោះសមិទ្ធផល​ដ៏ធំធេងរបស់ចិន ក្នុងការកាត់បន្ថយភាពក្រីក្រ និងការរួមចំណែកយ៉ាងខ្លាំង​ក្នុងការជួយដល់បុព្វហេតុ​ លើកកម្ពស់សុខភាព​ពិភពលោក។ អង្គការ​មូលនិធិ Gates រីករាយ​បន្តបង្កើន កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យពាក់ព័ន្ធជាមួយប្រទេសចិន​តទៅទៀត»។ នេះជាការលើក​ឡើងរបស់​លោក Bill Gates៕