(វ៉ាស៉ីនតោន)៖ បន្ទាប់ពីសោកនាដកម្មធ្លាក់យន្ដហោះប្រភេទ 737 MAX 8 នៅក្នុងប្រទេសឥណ្ឌូណេស៉ី ក្រុមហ៊ុន Boeing កំពុងត្រៀមខ្លួនប្រកាសអាសន្នដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ថា បញ្ហាមិនប្រក្រតីនៃយន្ដហោះស៊េរីថ្មីនេះ អាចធ្វើឱ្យយន្ដហោះដាំក្បាលចុះក្រោមភ្លាមៗ។ នេះបើតាម Bloomberg ដកស្រង់ដោយសារព័ត៌មាន Russian Today នៅល្ងាចថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
សារព័ត៌មាន Bloomberg ផ្អែកលើប្រភពដែលស្និទ្ធនឹងក្រុមហ៊ុន Boeing ដែលខ្លួនទទួលបានបានបញ្ជាក់ទៀតថា ក្រុមហ៊ុនផលិតយន្ដហោះអាមេរិកមួយនេះ គ្រោងនឹងបញ្ជាក់ជាសាធារណថា បញ្ហាមួយចំនួនដែលត្រូវបានរាយការណ៍ចេញពីប្រព័ន្ធត្រួតពិនិត្យរបស់យន្ដហោះ អាចជាមូលហេតុធ្វើឱ្យយន្ដហោះដាំក្បាលចុះក្រោមភ្លាមៗ ដែលវាជាបញ្ហាស្មុគស្មាញមួយ នៃប្រព័ន្ធបច្ចេកទេសរបស់យន្តហោះប្រភេទថ្មីបំផុតនេះ។
ម្យ៉ាងវិញទៀតបើតាមប្រភពដដែលនេះ ការព្រមានរបស់ក្រុមហ៊ុន Boeing ត្រូវចេញផ្សាយនៅពេលឆាប់ៗនេះ គឺផ្អែកលើការស៉ើបអង្កេតនៃគ្រោះថ្នាក់ធ្លាក់យន្ដហោះ 737 MAX 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ក្នុងប្រទេសឥណ្ឌូណេស៉ី ក៏ប៉ុន្តែក្រុមហ៊ុន Boeing មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ។
គួររំលឹកថា កាលពីថ្ងៃទី២៩ ខែតុលា យន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុន Lion Air បានធ្លាក់ចូលទឹកសមុទ្រ ក្រោយហោះឡើងបន្តិចដោយផ្ដាច់ជីវិតមនុស្សជិះនៅលើនោះទាំងអស់ ១៨៩នាក់។ ចំណែកឯ ក្រុមអ្នកស៉ើបអង្កេតឥណ្ឌូណេស៉ី ដោយផ្អែកលើ flight recorders បានអះអាងថា យន្តហោះមានបញ្ហាផ្នែកកុងទ័រល្បឿន នៅក្នុងអំឡុងពេលហោះហើរបួនលើកចុងក្រោយមកម្ល៉េះ។ តែទោះជាយ៉ាងក្ដី ខាងអាជ្ញាធរអាមេរិក និងក្រុមហ៊ុន Boeing មិនបានទទួលស្គាល់ពីការអះអាងនេះឡើយ រីឯក្រុមអ្នកស៉ើបអង្កេតឥណ្ឌូណេស៉ីផ្ទាល់ក៏មិនទាន់បានបញ្ចេញរបាយការណ៍ណាមួយ ពាក់ព័ន្ធបញ្ហាខូចកុងទ័រកំណត់ល្បឿនយន្ដហោះ នេះដែរ៕