(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកថា ការបោះឆ្នោតសភាអាមេរិកពាក់កណ្ដាលអាណត្តិ គឺជាជោគជ័យដ៏មហិមា ហើយលោកក៏បានអរគុណផងដែរដល់អ្នកគាំទ្រទាំងអស់ ដែលទុកឱកាសឱ្យគណបក្សសាធារណរដ្ឋបន្តរក្សា សំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា បើទោះជាគណបក្សប្រជាធិបតេយ្យបានគ្រប់គ្រងសភាឡើងវិញ ជាលើកដំបូងក្នុងរយៈពេល ជាង ០៨ឆ្នាំមកនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «នេះជាជោគជ័យដ៏មហិមានៅ រាត្រីនេះ... អរគុណដល់អ្នកទាំងអស់គ្នា»។ ក៏ប៉ុន្តែជ័យជម្នះរបស់បក្សប្រជាធិបតេយ្យនៅក្នុងសភាបានបង្ហាញថា លោកត្រាំ មិន អាចជិះសេះលែងដូចពីមុនបានទៀតឡើយ»។
គួរបញ្ជាក់ថា បើតាមស្ថានីយទូរទស្សន៍ NBC, ABC និង FOX News គណបក្សប្រជាធិបតេយ្យបានទទួលអសនៈចំនួន ២២៩ រីឯគណបក្សសាធារណរដ្ឋទទួលបាន ២០៦អសនៈនៅក្នុងសភា។ ដោយឡែក នៅក្នុងព្រឹទ្ធសភាឯណោះវិញ គណបក្សសាធារណរដ្ឋនៅតែបន្តរក្សាអសនៈជាង ៥០ ក្នុងចំណោមសមាជិក ១០០នាក់ ដែលនេះមានន័យថា គណបក្សរបស់លោក ត្រាំ នៅតែបន្តគ្រប់គ្រងព្រឹទ្ធសភាដដែល។
ការបោះឆ្នោតសភាអាមេរិកពាក់កណ្ដាលអាណត្តិ កាលពីថ្ងៃអង្គារបានផ្ដល់ឱកាសឱ្យប្រជាជអាមេរិក បោះឆ្នោតជ្រើសសមាជិកសភាទាំង ៤៣៥រូប និងសមាជិកព្រឹទ្ធសភា ៣០រូប ក្នុងចំណោមបេក្ខភាពសមាជិកសភា ១០០នាក់ រីឯអភិបាលរដ្ឋក៏នឹងត្រូវបាន ជ្រើសរើសក្នុងរដ្ឋ ៣៦ នៃរដ្ឋចំនួន ៥០ ផងដែរ៕