អតីតអនុប្រធានាធិបតីជំនាន់លោក អូបាម៉ា នឹងត្រូវជ្រើសតាំងជាបេក្ខជនប្រធានាធិបតី តំណាងឲ្យបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតឆ្នាំ២០២០ (Video Inside)
07-11-2018 15:42
(វ៉ាស៉ីនតោន)៖ អតីតអនុប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) អាចនឹងត្រូវបានជ្រើសតាំងជាបេក្ខជនប្រធានាធិបតី តំណាងឱ្យគណបក្សប្រជាធិបតេយ្យ នៅឆ្នាំ២០២០ ដើម្បីប្រកួតប្រជែងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
Reuters ផ្អែកលើការស្ទង់មតិរបស់ខ្លួនបានឱ្យដឹងទៀតថា លោក Biden ទទួលបានសំឡេងគាំទ្រ ២៩ភាគរយ រីឯលោក ប៊ឺនី សេនដឺស៍ (Bernie Sanders) ទទួលបានការគាំទ្រ ២២ភាគរយ ក្នុងចំណោមបេក្ខជននានា នៃបក្សប្រជាធិបតេយ្យ ដែលសាកសមសម្រាប់ទៅប្រកួតជាមួយលោក ដូណាល់ ត្រាំ នាឆ្នាំ២០២០។
មិនតែប៉ុណ្ណោះ ការស្ទង់មតិនេះក៏បានបញ្ជាក់ដែរថា លោក Biden មានពិន្ទុខ្ពស់ នៅក្នុងប្រកួតប្រជែង ដោយនឹងអាចយកឈ្នះលោក ត្រាំ ក្នុងសំឡេងគាំទ្រ ៥១ ទល់នឹង ៣៩ភាគរយ នៅក្នុងការបោះឆ្នោតប្រជែងយកប្រជាប្រិយភាព សំណាក់ប្រជាពលរដ្ឋអាមេរិក នៅចុងឆ្នាំ២០២០ខាងមុខ។
បើគេនៅចាំមិនភ្លេចទេ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានសំឡេងគាំទ្រជិត ០៣លានសំឡេងពីប្រជាជនអាមេរិក ដែលច្រើនជាងលោក ដូណាល់ ត្រាំ តែលោកស្រីនៅតែចាញ់លោក ដូណាល់ ត្រាំ ដែលបានទទួលសំឡេងប្រតិភូបោះឆ្នោតគាំទ្រច្រើនជាងលោកស្រី។
ប្រព័ន្ធបោះឆ្នោតរបស់សហរដ្ឋអាមេរិកបែបនេះមានន័យថា លោកស្រី គ្លីនតុន ត្រឹមតែទទួលបានជ័យជម្នះលើការបោះឆ្នោតប្រជាប្រិយភាព (Popular Votes) ប៉ុណ្ណោះ ខណៈដែលលោក ដូណាល់ ត្រាំ ទើបជាម្ចាស់ជ័យលាភី ដោយទទួលបានសំឡេងគាំទ្រពីប្រតីភូច្រើនជាង ទើបបានឡើងធ្វើជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី។
គួរជម្រាបថា ការស្ទង់មតិរបស់ Reuters ធ្វើឡើងកាលពីថ្ងៃអង្គារ និងផ្អែកលើចម្លើយតបពីអ្នកត្រូវបានសម្ភាសន៍ ៣៨,១៩៦នាក់ នៅលើបណ្ដាញអ៊ីនធើណែតនៅរយៈពេលមុនពីរឆ្នាំ នៃការបោះឆ្នោតប្រធានាធិបតីត្រូវធ្វើឡើង៕