(ប៉េកាំង)៖ ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing នឹងប្រគល់យន្ដហោះគ្រឿងទី ២,០០០ របស់ខ្លួនទៅឱ្យប្រទេសចិន ក្នុងអនាគតដ៏ខ្លីខាងមុខនេះ ក្រោយការបញ្ជាទិញពីក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការលើកឡើងខាងលើរបស់ក្រុមហ៊ុនយន្ដហោះ Boeing ធ្វើឡើងនៅឯពិព័រណ៍យន្ដហោះ និងអាកាសចរណ៍អន្តរជាតិចិនលើកទី ១២ ក្នុងទីក្រុង ជូហៃ (Zhuhai) នៃខេត្ត ក្វាងទុង (Guangdong) នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ជាមួយគ្នានោះ អនុប្រធានក្រុមហ៊ុន Boeing ប្រចាំតំបន់អាស៊ី ភាគឦសាន លោក រីក អាន់ដឺសុន (Rick Anderson) ក៏បានឱ្យដឹងដែរថា Boeing បានប្រគល់យន្ដហោះ ១៥៣គ្រឿង ឱ្យក្រុមហ៊ុនអាកាសចរណ៍ ចិនក្នុងរយៈពេលបីត្រីមាសដំបូងក្នុងឆ្នាំ២០១៨។ លោក បានបន្ថែមថា ចំនួនប្រគល់យន្ដហោះឱ្យចិនបានកើនលើស ១៤០គ្រឿង អំឡុង ០៦ឆ្នាំជាប់គ្នា ដោយសារតែការបញ្ជាទិញរបស់ចិន។
គួរជម្រាបថា ចិនបានបញ្ជា Boeing 707 ចំនួន១០គ្រឿង កាលពីឆ្នាំ១៩៧២ ដែលនេះគឺជាការចាប់ផ្ដើមនៃវត្តមាន របស់ក្រុមហ៊ុនអាមេរិកមួយនេះ នៅក្នុងប្រទេសចិន។ ចំណែកឯយន្ដហោះ Boeing ទី១,០០០ ត្រូវបានប្រគល់ឱ្យចិនកាលពីខែមីនា ឆ្នាំ២០១៣ ហើយនេះបានធ្វើឱ្យចិនក្លាយជាប្រទេស ដែលទទួលបានយន្ដហោះ ១,០០០គ្រឿងដំបូងគេពី Boeing ក្រៅពីសហរដ្ឋអាមេរិក៕