(ប៉ារីស)៖ បន្ទាប់ពីទទួលបរាជ័យក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ដើម្បីបញ្ជូនអវកាសយានិកទៅកាន់ស្ថានីយអវកាស កាលពីខែតុលាកន្លងទៅ នាថ្ងៃអង្គារសប្តាហ៍នេះប្រទេសរុស្ស៉ី បានបញ្ជូនផ្កាយរណបមួយគ្រឿង ទៅដាក់នៅគន្លងផែនដីដោយជោគជ័យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ផ្កាយរណបខាងលើមានឈ្មោះថា MetOp-C គឺជាផ្កាយរណបទី ៣ និងជាផ្កាយរណបចុងក្រោយរបស់អង្គការអន្តររដ្ឋាភិបាលនៃតំបន់អឺរ៉ុប European Organisation for the Exploitation of Meteorological Satellites ហៅកាត់ថា EUMETSAT។ ប្រភេទផ្កាយរណប MetOp ត្រូវការចាំបាច់ដើម្បីព្យាករណ៍អាកាសធាតុសម្រាប់រយៈពេលពី ១២ម៉ោងទៅដល់ ១០ថ្ងៃមុន។
គួរជម្រាបថា គ្រឿងទី ១ និងទី ២ នៃផ្កាយរណបប្រភេទ គឺ MetOp-A និង MetOp-B ត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០០៦ និងឆ្នាំ២០១២ ហើយរហូតមកទល់ពេលនេះ ពួកវាទាំងពីរគ្រឿង កំពុងបន្តធ្វើប្រតិបត្តិការដោយជោគជ័យក្នុងទីអវកាស និងបានចូលរួមចំណែកយ៉ាងធំធេងដល់ការកាត់បន្ថយកំហុសឆ្គងនានា ក្នុងការព្យាករណ៍អាកាសធាតុ៕