(បាងកក)៖ គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រចចិត្តអនុញ្ញាតហើយ លើការមិនយកថ្លៃទិដ្ឋាការចូលប្រទេសថៃ សម្រាប់ភ្ញៀវទេសចរមកពីប្រទេសចំនួន ២១ ក្នុងរយៈពេល ០២ខែ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ មកកាន់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ប៊ូដឌីផុងសេ ផាន់ណាកាន់តា (Buddhipongse Punnakanta) គណៈរដ្ឋមន្ត្រីបានយល់ព្រមអនុម័តលើ
សេចក្ដីព្រាងរបស់ក្រសួងពាក់ព័ន្ធ ក្នុងការមិនថ្លៃទិដ្ឋាការចូលប្រទេសថៃ ដែលមានតម្លៃ ២,០០០បាត ចាប់ពីថ្ងៃទី០១ ខែធ្នូ រហូតដល់ថ្ងៃទី៣១ ខែមករា សម្រាប់ភ្ញៀវទេសចរស្នាក់នៅមិនលើសពី ១៥ថ្ងៃ។
ចំណែកឯប្រទេសទាំង ២១ ដែលមិនត្រូវបង់ថ្លៃទិដ្ឋាការនេះមានដូចជាប្រទេស អង់ដូរ៉ា ប៊ុលហ្ការី ប៊ូតាន់ ចិន សៃប្រឹស អេត្យូពី ហ្វីជី ឥណ្ឌា កាហ្សាក់ស្ថាន លីតតូនី លីតទុយអានី ម៉ាល់ឌីវ ម៉ាល់តា ម៉ូរីទីយូស ប៉ាពួរញូហ្គីណេ រូម៉ានី សាន់ ម៉ារីណូ អារ៉ាប៊ីសាអូឌីត កោះតៃវ៉ាន់ អ៊ុយក្រែន និងអ៊ូបេគីស្ថាន។
គួរបញ្ជាក់ថា ការមិនយកថ្ងៃទិដ្ឋាការចូលប្រទេសថៃនេះ ធ្វើឡើងក្នុងគោលបំណងសម្រេចឱ្យបាននូវគោលដៅបង្កើនចំនួន ភ្ញៀវទេសចរណ៍ឱ្យបាន ៣០ភាគរយ៕