(សិង្ហបុរី)៖ ប្រទេសចិនបានប្រកាសថា ខ្លួននឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការជាមួយសិង្ហបុរីកាន់តែមានភាពស៉ីជម្រៅ ហើយបើកទ្វារកាន់តែទូលាយ ដើម្បីស្វាគមន៍វិនិយោគិនបរទេស។ នេះបើតាមសម្តីរបស់អនុប្រធានាធិបតីចិន លោក វ៉ាង គីសាន (Wang Qishan) ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Wang បានធ្វើការកត់សម្គាល់បែបនេះ នៅអំឡុងដំណើរបំពេញទស្សនកិច្ច នៅប្រទេសសិង្ហបុរី។ នាឱកាសជួបពិភាក្សាជាមួយបណ្តាថ្នាក់ដឹកសិង្ហបុរី លោក Wang បាននិយាយថា ទំនាក់ទំនងរវាងចិន និងសិង្ហបុរីមានការរីកចម្រើនយ៉ាងខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាលទ្ធផលគឺវាបានផ្តល់ប្រយោជន៍ជាច្រើនដល់ប្រទេសទាំងពីរ។ លោក Wang បានបញ្ជាក់ថា ចិននឹងបន្តធ្វើឲ្យកិច្ចសហប្រតិបត្តិការជាមួយសិង្ហបុរី កាន់តែស៉ីជម្រៅខ្លាំងជាងនេះទៅទៀត ក្នុងវិស័យនានា រួមទាំងគម្រោងខ្សែក្រវាត់ និងផ្លូវផងដែរ។
លោក Wang ក៏បានគូសបញ្ជាក់ផងដែរថា ចិននឹងបើកទ្វារឲ្យកាន់តែធំថែមទៀត ដើម្បីត្រៀមទទួលស្វាគមន៍វិនិយោគិនបរទេស ដោយសារតែការបើកទូលាយបែបនេះនាពេលកន្លងទៅបានបង្ហាញឲ្យឃើញថា ការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងជាមួយប្រទេសដទៃ បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជាខ្លាំង ហើយក៏ជាការផ្តល់ឱកាសជាច្រើនទៀត សម្រាប់មហាអំណាចពិភពលោកទីពីរនេះផងដែរ៕