(វ៉ាស៉ីនតោន)៖ ការិយាល័យបោះឆ្នោតច្រើនជាងពាក់កណ្ដាល ក្នុងចំណោមរដ្ឋទាំង ៥០ បានចាប់ផ្ដើមបិទទា្វររាប់សន្លឹកឆ្នោតហើយ នៅថ្ងៃអង្គារនេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ខណៈមានការពឹងថា គណបក្សប្រជាធិបតេយ្យអាចគ្រប់គ្រងសភា រីឯគណបក្ស សារធារណរដ្ឋនឹងបន្តគ្រប់គ្រងព្រឹទ្ធសភាដដែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងការបោះឆ្នោតសភាអាមេរិកពាក់កណ្ដាលអាណត្តិ (ព្រឹទ្ធសភា និងរដ្ឋសភា) ប្រជាជនអាមេរិកត្រូវបោះឆ្នោតជ្រើស សមាជិកសភាទាំង ៤៣៥រូប និងសមាជិកព្រឹទ្ធសភា ៣០រូប ក្នុងចំណោមបេក្ខភាពសមាជិកសភា ១០០នាក់ រីឯអភិបាលរដ្ឋក៏នឹងត្រូវបានជ្រើសរើសក្នុងរដ្ឋ ៣៦ នៃរដ្ឋចំនួន ៥០ ផងដែរ។
ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការបោះឆ្នោតនេះមិនត្រឹមតែកំណត់ថា តើបក្សប្រជាធិបតេយ្យ ឬក៏បក្សសាធារណរដ្ឋជាអ្នកគ្រប់គ្រងសភាអាមេរិកនោះប៉ុណ្ណោះទេ តែវាក៏នឹងកំណត់ផងដែរថា លោក ដូណាល់ ត្រាំ នឹងមានអំណាចកាន់តែខ្លាំង ឬត្រូវកាត់បន្ថយអំណាច។
លើសពីនេះទៅទៀតបើសិនជាគណបក្សប្រជាធិបតេយ្យ ឈ្នះនៅក្នុងបោះឆ្នោតនេះមែន នោះភាពជាប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ អាចនឹងត្រូវសើរើឡើងវិញក៏ថាបាន ដ្បិតអ្នកប្រជាធិបតេយ្យមួយចំនួនធ្លាប់សន្យាថា នឹងដំណើរការនីតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ពីតំណែង។
គួរបញ្ជាក់ថា បើតាមលទ្ធផលចេញផ្សាយជាបណ្ដើរៗ គណបក្សប្រជាធិបតេយ្យកំពុងនាំមុខនៅក្នុងសភា រីឯគណបក្សសាធារណរដ្ឋកំពុងនាំមុខនៅក្នុងព្រឹទ្ធសភា៕