(ប៉េកាំង)៖ គំរូជាក់ស្តែងនៃស្ថានីយអវកាសនាថ្ងៃអនាគតរបស់ប្រទេសចិន ត្រូវបានដាក់តាំងបង្ហាញជាលើកដំបូង នៅក្នុងពិព័រណ៍ Airshow China នៅឯទីក្រុង ជូហៃ (Zhuhai) ដោយវាបានទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរភ្លាមៗ ដែលបានទៅចូលរួមព្រឹត្តិការណ៍នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
គំរូដែលត្រូវបានដាក់តាំងបង្ហាញខាងលើ គឺជាកំណាត់បន្ទប់ធំប្រវែង ១៦ម៉ែត្រ ដែលជាកន្លែងធ្វើការងារ និងស្នាក់នៅរបស់ស្ថានីយអវកាសចិនឈ្មោះ Tiangong ឬមានន័យវិមានឋានសួគ៌។ ស្ថានីយអវកាសថ្មីនេះ ក៏មានបន្ទប់ពីរផ្សេងទៀត សម្រាប់ការងារស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ដែលនឹងអនុញ្ញាតឲ្យអវកាសយានិក ធ្វើការពិសោធន៍ផ្សេងៗនៅក្រោមលក្ខខណ្ឌមានទំនាញធម្មតា ក៏ដូចជាលក្ខខណ្ឌមានទំនាញតិចតួចផងដែរ។
គួរជម្រាបថា ស្ថានីយអវកាសទម្ងន់ ៦០តោននេះ ដែលមានសមត្ថភាពអាចផ្ទុកអវកាសយានិកពី ០៣ ទៅ ០៦នាក់បាននោះត្រូវគេរំពឹងថា នឹងសាងសង់ហើយជាស្ថាពរនៅពេលណាមួយក្នុងឆ្នាំ២០២២។ ដោយមានអាយុធ្វើប្រតិបត្តិការប្រហែល ១០ឆ្នាំ ស្ថានីយនេះនឹងក្លាយជាមន្ទីរសោធន៍អវកាស ជំនួសឲ្យស្ថានីយអវកាសអន្តរជាតិ ដែលនឹងត្រូវចូលនិវត្តន៍នៅឆ្នាំ២០២៤៕