ឥណ្ឌូនេស៊ី រកឃើញម៉ាស៊ីនមួយទៀត របស់យន្តហោះ Lion Air ដែលបានធ្លាក់ (Video inside)
06-11-2018 23:51
(ហ្សាការតា)៖ ក្រុមអ្នកស្វែងរករបស់ឥណ្ឌូនេស៊ី នៅថ្ងៃអង្គារនេះ បានរកឃើញម៉ាស៊ីនមួយទៀត របស់យន្តហោះក្រុមហ៊ុន Lion Air ដែលបានធ្លាក់ នៅដែនទឹកសមុទ្រ Karawang ខេត្ត West Java, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៦ ខែវិច្ឆិកានេះ។
ម៉ាស៊ីនទី២ចុងក្រោយ របស់យន្តហោះម៉ាស៊ីនភ្លោះ Boeing 737 Max 8 ជើងហោះហើរ JT 610 ត្រូវបានរកឃើញ នៅវេលាម៉ោង ប្រមាណ១៤៖៣០នាទីរសៀល (ម៉ោងក្នុងតំបន់) នៅក្នុងទឹកសមុទ្រ មិនឆ្ងាយប៉ុន្មាន ពីទីតាំងដែលម៉ាស៊ីនដំបូង ត្រូវបានរកឃើញនោះទេ, នេះបើតាមការបញ្ជាក់ពី លោក Agung Nugroho អ្នកនាំពាក្យគណៈកម្មាធិការ សុវត្ថិភាពដឹកជញ្ជូនជាតិ ឥណ្ឌូនេស៊ី បានឲ្យដឹងយ៉ាងដូច្នេះ។
អ្នកនាំពាក្យ បានឲ្យដឹងផងដែរ អំពីលទ្ធផលនៃការត្រួតពិនិត្យ ម៉ាស៊ីនយន្តហោះ ដែលបានរកឃើញដំបូងនោះថា ម៉ាស៊ីនគឺនៅតែដំណើរការ នៅពេលដែលយន្តហោះបានធ្លាក់ ចូលទៅក្នុងទឹកសមុទ្រ។
គួររំលឹកថា ជើងហោះហើរ JT 610 បានធ្លាក់ នៅថ្ងៃទី២៩ ខែតុលា នៅអំឡុងពេល ហោះហើរចេញពីទីក្រុង Jakarta ទៅកាន់ទីក្រុង Pangkalpinang ខេត្ត Bangka Belitug របស់ឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សទាំងអស់ ១៨៩នាក់ជិះនៅលើនោះ៕