(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រដ្ឋមន្ត្រីអ៉ីស្រាអែលទទួលបន្ទុកកិច្ចការទីក្រុងហ្សេរុយសាឡឹម លោក ហ្សេអេវ អ៊ែកឃីន (Ze'ev Elkin) បាននិយាយថា ការបញ្ជូនប្រព័ន្ធមីស៉ីលការពារដែនអាកាស S-300 ឱ្យប្រទេសស៉ីរី គឺជាកំហុសមួយដ៏ធំហើយថាអ៉ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីកម្ទេចប្រព័ន្ធមីស៉ីលមួយនេះ នៅក្នុងករណីដែលយន្ដហោះអ៉ីស្រាអែលត្រូវបានបាញ់ទម្លាក់ នៅក្នុងដែនអាកាសរបស់ខ្លួន៕
២៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មជាផ្លូវការឡើងវិញទៅលើប្រទេសអ៊ីរ៉ង់ ដោយក្នុងនោះក្រុមហ៊ុននានា និងបុគ្គលមួយចំនួន ត្រូវបានកត់បញ្ចូលក្នុងបញ្ជីខ្មៅ។ សម្រាប់ទង្វើបែបនេះ គឺសហរដ្ឋអាមេរិកមានគោលដៅធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ជួបប្រទះបញ្ហាធំ និងឈានទៅដល់ការផ្លាស់ប្តូរឥរិយាបថនៃមេដឹកនាំរបស់ប្រទេសអ៊ីស្លាមមួយនេះ ទៅតាមសហរដ្ឋអាមេរិកចង់បាន៕
៣៖ ក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង នឹងបំពេញទស្សនកិច្ចនៅទីក្រុងញូយ៉ក នាសប្តាហ៍នេះ ខណៈរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងបើកកិច្ចទទួលស្វាគមន៍មួយជាផ្លូវការ ចំពោះគណប្រតិភូកូរ៉េខាងជើង នៅឯទីក្រុងញូយ៉កនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ៕
៤៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា អឺរ៉ុបគួរតែបង្កើតកងទ័ពអឺរ៉ុបពិតប្រាកដមួយដើម្បី ប្រឈមមុខជាមួយរុស្ស៊ី ដែលស្ថិតនៅជិតរបងផ្ទះអឺរ៉ុបស្រាប់ ហើយអាចនឹងក្លាយជាការគំរាមកំហែងនៅថ្ងៃណាមួយ៕
៥៖ បុរសអូស្រ្ដាលីម្នាក់មានអាយុ ៣៣ឆ្នាំ ត្រូវបានត្រីឆ្លាមមួយក្បាលសម្លាប់នៅល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីរូបគេបាន ហែលចេញពីទូកកម្សាន្តមួយគ្រឿងនៅក្បែរឆ្នេរ ស៊ីដហាប៊ឺ (Cid Harbor) នៃកោះ វីតសាន់ដេ (Whitsunday) ស្ថិតក្នុងតំបន់ឧទ្យានថ្មប៉ប្រះទឹក ហ្គ្រែតបារៀរីហ្វ (Great Barrier Reef)៕
៦៖ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Facebook បានសម្រេចលុបចោលគណនីចំនួន៣០ នៅលើវែបសាយរបស់ខ្លួន និង៨៥គណនីទៀតនៅលើវែបសាយ Instagram ដែលអាចមានជាប់ពាក់ព័ន្ធជាមួយបរទេស៕