(អង់ការ៉ា)៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មជាផ្លូវការឡើងវិញទៅលើប្រទេសអ៊ីរ៉ង់ ដោយក្នុងនោះក្រុមហ៊ុននានា និងបុគ្គលមួយចំនួន ត្រូវបានកត់បញ្ចូលក្នុងបញ្ជីខ្មៅ។ សម្រាប់ទង្វើបែបនេះ គឺសហរដ្ឋអាមេរិកមានគោលដៅធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ជួបប្រទះបញ្ហាធំ និងឈានទៅដល់ការផ្លាស់ប្តូរឥរិយាបថនៃមេដឹកនាំរបស់ប្រទេសអ៊ីស្លាមមួយនេះ ទៅតាមសហរដ្ឋអាមេរិកចង់បាន។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជុំវិញបញ្ហានេះ បណ្តាប្រទេសធំៗជាច្រើនបានបង្ហាញការជំទាស់ ទាំងប្រទេសដែលមានទំនោរប្រឆាំងអាមេរិកផង និងសម្ព័ន្ធមិត្តធំៗរបស់អាមេរិកផង តួយ៉ាងដូចជា សហភាពអឺរ៉ុប និងបណ្តាប្រទេសអាស៊ីមួយចំនួនទៀត ព្រោះប្រទេសអ៊ីរ៉ង់គឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់លើលោក និងជាប្រទេសដ៏មានឥទ្ធិពលខ្លាំងមួយ នៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។ ដោយយោងលើទស្សនវិស័យនេះហើយ ទើបប្រទេសតួកគីបានចេញមុខបន្ថែមទៀត ក្នុងការព្រមានសហរដ្ឋអាមេរិកទុកជាមុន អំពីវិបត្តិធំៗដែលនឹងកើតឡើង។
លោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) រដ្ឋមន្ត្រីការបរទេសតួកគីបានថ្លែងនៅថ្ងៃអង្គារនេះថា «គ្មានលទ្ធផលអ្វីឡើយ ដែលនឹងត្រូវទទួលបានពីការទណ្ឌកម្មរបស់អាមេរិក ទៅលើប្រទេសអ៊ីរ៉ង់នោះ...។ ផ្ទុយទៅវិញមិនមែនត្រឹមតែប្រទេសជិតខាងអ៊ីរ៉ង់ប៉ុណ្ណោះទេដែលទទួលរងគ្រោះ សូម្បីតែបណ្តាប្រទេសជាច្រើនទៀតក្នុងតំបន់ ក៏នឹងត្រូវរងទុក្ខដោយសារតែទណ្ឌកម្មជាឯកតោភាគី ពីសំណាក់សហរដ្ឋអាមេរិកលើអ៊ីរ៉ងនេះដែរ»។
គួរបញ្ជាក់ថា ប្រទេសតួកគីបានលើកទឹកចិត្ត និងជម្រុញឲ្យសហរដ្ឋអាមេរិកបើកកិច្ចពិភាក្សាចរចាប្រកបដោយអត្ថន័យជាមួយនិងអ៊ីរ៉ង់ឡើងវិញ ដើម្បីដោះស្រាយបញ្ហាទាំងអស់ជាជាងការលេងល្បែងទណ្ឌកម្ម។ បន្ថែមពីនេះតួកគីបានសង្កត់ធ្ងន់ថា ទណ្ឌកម្មពីសហរដ្ឋអាមេរិក នឹងគ្មានលទ្ធផលអ្វីឡើយ ក្រៅតែពីការធ្វើទុក្ខបុកម្នេញដល់ប្រជាជនអ៊ីរ៉ង់ ដែលនឹងក្លាយជាជនរងគ្រោះយ៉ាងពិតប្រាកដ៕