(សាន់ហ្វាន់ស៉ីស្កូ)៖ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Facebook បានសម្រេចលុប​ចោលគណនីចំនួន៣០ នៅលើវែបសាយ​របស់​ខ្លួន និង​៨៥គណនីទៀតនៅលើវែបសាយ Instagram ដែលអាចមានជាប់ពាក់ព័ន្ធជាមួយបរទេស។ នេះបើតាមការដកស្រង់ការ​ផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក ណេថានាល ហ្គ្លៃឈើ (Nathaniel Gleicher) ប្រធាន​ផ្នែកគោលនយោបាយសន្តិសុខព័ត៌មានវិទ្យារបស់ Facebook បានឲ្យដឹង​ថា​​​ការបិទគណនីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរអាមេរិក បានផ្តល់ដំណឹងអំពីសកម្មភាពគួរឲ្យសង្ស័យលើបណ្តាញអ៉ីធើណែត​របស់​គណនីទាំងអស់នោះ ដែលអាចមានទំនាក់ទំនងជាមួយបរទេស។

​លោក Gleicher បានឲ្យដឹងទៀតថា ស្ទើរតែគ្រប់ Facebook Page ដែលជាប់ទាក់ទិននឹង​គណនីជាប់សង្ស័យទាំងនោះ សុទ្ធ​តែ​ជា​ភាសា​រុស្ស៉ី​ឬក៏ថៃ ខណៈគណនីលើ Instagram វិញ ភាគច្រើនជាភាសាអង់គ្លេស ដែល​ផ្តោត​ទៅ​លើតារា​សិល្បៈ​និង​ការ​ជជែក​ដេញ​នយោបាយ​​។​

គួរជម្រាបថា សម្រាប់ការបោះឆ្នោតសភានៅពាក់កណ្តាលអាណត្តិដឹកនាំរបស់ប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តទៅនាប៉ុន្មាន​ម៉ោង​ទៀត ​ក្នុង​ថ្ងៃ​អង្គារ​​សប្តាហ៍នេះ៕