(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា អឺរ៉ុបគួរតែបង្កើតកងទ័ពអឺរ៉ុបពិតប្រាកដមួយ ដើម្បីប្រឈមមុខជាមួយរុស្ស៊ី ដែលស្ថិតនៅជិតរបងផ្ទះអឺរ៉ុបស្រាប់ ហើយអាចនឹងក្លាយជាការគំរាមកំហែងនៅថ្ងៃណាមួយ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក ម៉ាក្រុង ធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុ Europe 1 នៅថ្ងៃចន្ទសប្ដាហ៍នេះ។ នាឱកាសនោះប្រធានាធិបតីបារាំងរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងមិនអាចការពារអឺរ៉ុបទាំងមូលបានឡើយ បើសិនជាយើងមិនសម្រេចចិត្ត បង្កើតកងទ័ពអឺរ៉ុបដ៏ពិតប្រាកដមួយ... ម្យ៉ាងវិញទៀត ប្រឈមមុខជាមួយរុស្ស៊ី ដែលមានព្រំដែនជាប់អឺរ៉ុប និងអាចក្លាយជាការគំរាមកំហែងនៅថ្ងៃណាមួយ... យើងត្រូវតែធ្វើយ៉ាងណាឱ្យអឺរ៉ុបមានភាពសមត្ថភាពការពារផលប្រយោជន៍ខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកតែលើសហរដ្ឋអាមេរិក»។
ក៏ប៉ុន្តែនៅក្នុងកិច្ចសម្ភាសន៍នោះ លោក ម៉ាក្រុង ក៏បានសង្កត់ធ្ងន់ដែរថា អឺរ៉ុបគួរតែពង្រឹងសមត្ថភាពការពារខ្លួនពីចិន រុស្ស៊ី រួមទាំង សហរដ្ឋអាមេរិកផងដែរ ដោយលោកយល់ថា ការព្រមានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ INF ជាមួយទីក្រុងម៉ូស្គូពីសំណាក់លោក ដូណាល់ ត្រំា អាចនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខអឺរ៉ុប។
គួរជម្រាបថា គំនិតបង្កើតកងទ័ពអឺរ៉ុបត្រូវបានថ្នាក់ដឹកនាំអឺរ៉ុបជាច្រើន លើកឡើងតាំងតែពី លោក ដូណាល់ ត្រាំ បង្ខំឱ្យបណ្ដាប្រទេសជាសមាជិកអង្គការណាតូ បង្កើនកញ្ចប់ថវិកាយោធារបស់ខ្លួនមកម្ល៉េះ ហើយគំនិតនេះរឹតតែផុលផុសឡើងថែមទៀត ក្រោយក្រុមមន្ត្រី អាមេរិកក្រើនរំលឹកឱ្យអឺរ៉ុប ពង្រឹងសមត្ថភាពយោធារបស់ខ្លួនឱ្យកាន់តែខ្លាំង ព្រោះសហរដ្ឋអាមេរិកមិនអាចការពារអឺរ៉ុប ក្នុងពេលប្រឈមមុខជាមួយរុស្ស៊ី និងចិនផងនោះទេ៕