(តូក្យូ)៖ អត្រាប្រជាជនវ័យក្មេង​ជប៉ុនធ្វើអត្តឃាត បាន​កើនឡើងខ្ពស់ ក្នុងរយៈពេលជាង​ ៣ ទសវត្សរ៍មកនេះ។ នេះបើតាម​ស្ថិតិពីក្រសួងអប់រំ​ជប៉ុន ដកស្រង់ដោយ​សារព័ត៌មាន BBC​ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រសួងអប់រំ​ជប៉ុន​នៅក្នុងរបាយការណ៍របស់ខ្លួន​ គិតក្នុងឆ្នាំសារពើពន្ធ ២០១៦-​២០១៧ រហូតដល់​ខែមីនា ឆ្នាំ២០១៨ នេះ​បានបញ្ជាក់ថា ប្រជាជនវ័យក្មេង​ជប៉ុន ២៥០នាក់ ចាប់ពីថ្នាក់បឋម​រហូតដល់ថ្នាក់វិទ្យាល័យ​​ បានផ្ដាច់ជីវិតខ្លួនឯង ខណៈចំនួន​នេះ មានច្រើនជាង ៥ដង បើធៀប​ទៅនឹង​ឆ្នាំ២០១៧ និងស្ថិតក្នុង​អត្រាខ្ពស់បំផុត​គិតចាប់តាំងពីឆ្នាំ១៩៨៦ មក។ បន្ថែមពី​លើនេះ របាយការណ៍​ដដែលក៏បានឱ្យ​ដឹងដែរថា បញ្ហាគ្រួសារ ការបារម្ភពីអនាគត និងសម្ពាធនានា គឺជាមូលហេតុ​នៅពីក្រោយការធ្វើ​អត្តឃាត របស់ប្រជាជន​ជប៉ុន​ទាំងនេះ។

តែទោះជាយ៉ាង​នេះក្ដី សាលារៀនជាច្រើនបានអះអាងថា មូលហេតុនៅពីក្រោយ​ការធ្វើអត្តឃាតរបស់​សិស្ស ១៤០នាក់ មិនទាន់ ត្រូវបានគេកំណត់​ឱ្យច្បាស់លាស់នោះទេ ដោយសារតែពួកគេមិនបានបន្សល់​ទុកកំណត់ហេតុណា​មួយឡើយ ដោយគ្រាន់តែគេដឹងថា សិស្សវិទ្យាល័យមាន​អត្រាធ្វើអត្តឃាត​ខ្ពស់ជាងគេ ក្នុងចំណោមអ្នក​ធ្វើអត្តឃាត​ទាំងអស់។

គួររំលឹកថា បើតាមអង្គការ​សុខភាព​ពិភពលោក (WHO) ជប៉ុនមានអត្រា​ប្រជាជនធ្វើអត្ដឃាតខ្ពស់បំផុត​ក្នុងឆ្នាំ២០១៥ ប៉ុន្តែ ក្រោយមានវិធានការ​ទប់ស្កាត់ ចំនួននេះ​ហាក់ដូចជាបានធ្លាក់​ចុះពី ៣៤,៥០០នាក់ ក្នុងឆ្នាំ២០០៣ មក​នៅត្រឹម ២១,០០០នាក់ ក្នុងឆ្នាំ២០១៧៕