(វ៉ាស៉ីនតោន)៖ អ្នកវិទ្យាសាស្រ្តនៅលើពិភពលោក បានកើតក្តីងឿងឆ្ងល់ជាខ្លាំង ចាប់តាំងតែពីវត្ថុអវកាសចម្លែក ដែលគេដាក់ឈ្មោះឲ្យថា អូម័រម័រ (Oumuamua) បានធ្វើដំណើរឆ្លងកាត់ព្រះអាទិត្យ កាលពីចុងឆ្នាំ២០១៧។ ដោយសារតែល្បឿនលឿន និងគន្លងធ្វើដំណើរខុសប្រក្រតីរបស់វា វត្ថុអាថ៌កំបាំងទំហំប៉ុនស្តាតកីឡាអន្តរជាតិមួយនេះ ច្បាស់ណាស់គឺមានប្រភពមកពីខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង។
ប៉ុន្តែរូបរាងទ្រវែង-សំប៉ែត និងរៀបដែលវាបង្កើនល្បឿនក្នុងពេលធ្វើដំណើរឆ្លងកាត់ប្រព័ន្ធសូឡាយើង បានធ្វើឲ្យវត្ថុនេះខុសប្លែកឆ្ងាយពីអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយធម្មតាៗ ដូចដែលក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រធ្លាប់អង្កេតរាប់ទសវត្សរ៍មកនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន NBC News នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
អ្នកស្រាវជ្រាវពីររូបមកពីសាកលវិទ្យាល័យ Harvard កំពុងបង្កើនលទ្ធភាពដែលថា Oumuamua អាចជាយានអវកាសមួយរបស់ពួកអេលៀន។ អ្នកវិទ្យាសាស្រ្តទាំងពីរបានរៀបរាប់ នៅលើឯកសារស្រាវជ្រាវរបស់ពួកគេថា វត្ថុអវកាសពោរពេញដោយអាថ៌កំបាំងនេះ ប្រហែលជាយានមានសមត្ថភាព ធ្វើប្រតិបត្តិការពេញលេញមួយ ដែលត្រូវបានបញ្ជូនមកប្រព័ន្ធព្រះអាទិត្យដោយចេតនា ពីសំណាក់ពួកអេលៀន។
ការអះអាងនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការវិភាគបែបគណិតវិទ្យាយ៉ាងហ្មត់ចត់បំផុត ជុំវិញរបៀបដែល Oumuamua បង្កើនល្បឿន អំឡុងពេលដែលវាហោះកាត់ព្រះអាទិត្យ។ ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Harvard បាននិយាយថា Oumuamua អាចជាយានអវកាស ដែលត្រូវបានរុញច្រានដោយថាមពលពីពន្លឺព្រះអាទិត្យទៅលើផ្ទៃរាងសំប៉ែតរបស់ តាមរយៈបច្ចេកវិទ្យាម៉្យាងដែលគេហៅថា LightSail ជាបច្ចេកវិទ្យាដែលនៅមានភាពក្មេងខ្ចីខ្លាំង នៅលើភពផែនដីយើង។
គួរជម្រាបថា យ៉ាងណាក៏ដោយ អាថ៌កំបាំងពិតនៅពីក្រោយ Oumuamua ប្រហែលជាពិបាកនឹងទម្លាយបានណាស់ ដោយសារតែវាបានចាកចេញពីប្រព័ន្ធព្រះអាទិត្យបាត់ទៅហើយ និងពុំអាចមើលឃើញដោយតេឡេស្កូបទៀតនោះទេ។ ប៉ុន្តែតាមការអង្កេតយ៉ាងខ្លីទៅលើវា អាចឲ្យយើងដឹងថា វត្ថុចម្លែកបែបនេះផ្សេងទៀតច្បាស់ជាមានវត្តមាននៅក្នុងទីអវកាស ដូច្នេះហើយអ្នកវិទ្យាសាស្រ្តគួរតែចាប់ផ្តើមការស្វែងរកពួកវា ដើម្បីបង្កើនការស្វែងយល់បន្ថែម៕