(វ៉ាស៉ីនតោន)៖ ការស្ទង់មតិថ្មីមួយបានបង្ហាញថា ប្រជាជនអាមេរិកតែជាង ៥១ភាគរយប៉ុណ្ណោះបាននិយាយថា ពួកគេមានទំនុកចិត្តលើប្រព័ន្ធប្រជាធិបតេយ្យអាមេរិក ខណៈប្រជាជនមួយចំនួនទៀតយល់ថា ពួកគេបានបាត់បង់ទំនុកចិត្តលើប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន ដោយសារតែព្យុះភ្លៀងនយោបាយផ្ទុះឡើង ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការស្ទង់មតិខាងលើធ្វើឡើងដោយគេហទំព័រ Axios ចេញផ្សាយកាលពីថ្ងៃចន្ទ និងមួយថ្ងៃមុននឹងការបោះឆ្នោតសភាអាមេរិក ពាក់កណ្ដាលអាណត្តិត្រូវធ្វើឡើងនៅថ្ងៃអង្គារនេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ ការស្ទង់មតិដដែលបានឱ្យដឹងទៀតថា ប្រជាជន អាមេរិក ៣៧ភាគរយផ្សេងទៀតត្រូវបានសម្ភាសន៍ ហើយដែលក្នុងចំណោមពួកគេមាន ៤៩ភាគរយ ជាស្ត្រីអាមេរិកមានដើមកំណើតអាហ្វ្រិក និង ៤០ភាគរយ ជាយុវជន បាននិយាយថា ពួកគេបានបាត់បង់ទំនុកចិត្ត ខណៈ០៩ភាគរយទៀតថា មិនដែលជឿទុកចិត្តទាល់តែសោះ លើប្រព័ន្ធប្រជាធិបតេយ្យអាមេរិកបច្ចុប្បន្ន។
គួរជម្រាបថា ការស្ទង់មតិរបស់គេហទំព័រ Axios ធ្វើឡើងតាមរយៈការសម្ភាសន៍ប្រជាជនអាមេរិក ៣,៩១៣នាក់ មានអាយុ ១៨ឆ្នាំឡើង នៅចន្លោះពីថ្ងៃទី១៩ ខែតុលា រហូតដល់ថ្ងៃទី២៤ ខែតុលា។ ការធ្វើនេះ គឺស្ថិតនៅចំពោះមុខការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅអាមេរិក ដែលគណបក្សទាំងពីរកំពុងតែប្រឹងប្រែងយ៉ាងខ្លាំងក្នុងការក្រសោបយកសំឡេងគាំទ្រ៕