(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មឡើងវិញទាំងស្រុង ទៅលើវិស័យថាមពល, ហិរញ្ញវត្ថុ និងវិស័យដឹកជញ្ជូនរបស់អ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បន្ទាប់ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានដកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ឆ្នាំ២០១៥ ហើយសហរដ្ឋអាមរិក បានប្តេជ្ញាចាត់វិធានការ បន្ថែមទៀត ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុង Tehran, នេះបើយោងតាមសារព័ត៌មាន CGTN ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី៥ ខែតុលានេះ។

​ទណ្ឌកម្មលើកនេះ ដាក់ទៅលើបុគ្គល, ក្រុមហ៊ុន, យន្តហោះ និងនាវាជាង៧០០, ធនាគារអ៊ីរ៉ង់ និងសាខាចំនួន៥០, មនុស្សនិងនាវាជាង២០០ ក្នុងវិស័យដឹកជញ្ជូន និងមានគោលដៅ លើក្រុមហ៊ុនអាកាសចរណ៍ Iran Air ព្រមទាំងយន្តហោះរបស់ក្រុមហ៊ុន ជាង៦៤គ្រឿងផងដែរ។ រដ្ឋបាលរបស់លោកត្រាំ ក៏បានដាក់បញ្ចូលអង្គការថាមពលអាតូមិកអ៊ីរ៉ង់ និងសាខាចំនួន២៣ និងបុគ្គលសំខាន់ៗ ដែលជាប់ពាក់ព័ន្ធ ចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួនផងដែរ។

​រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានប្តេជ្ញាថា សហរដ្ឋអាមេរិក នឹងធ្វើមិនឈប់ឈរ ក្នុងការដាក់សម្ពាធទៅលើអ៊ីរ៉ង់។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានលើកឡើងថា ពួកគេនឹងជៀសផុតពីទណ្ឌកម្មខុសច្បាប់ និងអយុត្តិធម៌ ដែលប្រឆាំងនឹងច្បាប់អន្តរជាតិនេះ។

​សហភាពអឺរ៉ុប, បារាំង, អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានលើកឡើងថា ពួកគេសោកស្តាយ ចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ហើយពួកគេនឹងស្វែងរកការការពារ ក្រុមហ៊ុនសហភាពអឺរ៉ុបទាំងអស់ ដែលកំពុងធ្វើអាជីវកម្មស្របច្បាប់ ជាមួយនឹងរដ្ឋាភិបាលទីក្រុង Tehran របស់អ៊ីរ៉ង់៕