(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កងម៉ារីន​កូរ៉េខាងត្បូង និងអាមេរិក ៥០០នាក់ បានចាប់ផ្ដើមធ្វើ​សមយុទ្ធយោធា ទ្រង់ទ្រាយតូច​មួយនៅថ្ងៃចន្ទនេះតែប៉ុន្មាន ថ្ងៃ​ប៉ុណ្ណោះមុននឹងរដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ត្រូវចូលរួមក្នុងកិច្ច​ប្រជុំជាមួយ​សមភាគី​កូរ៉េខាងជើង​ស្ដីពី ការំសាយអាវុធនុយក្លេអ៊ែរ និងការរៀបចំជំនួប​កំពូលជាលើកទី ២ រវាងលោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន៕

 

២៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៉ីន នាថ្ងៃចន្ទនេះ​បានឲ្យដឹងថា ប្រទេស​របស់លោក កំពុងត្រៀមរៀបចំ​​សម្រាប់​ដំណើរ​ទស្សនកិច្ចជាប្រវត្តិសាស្ត្រ​របស់ប្រមុខដឹកនាំ​កូរ៉េខាងជើង មកកាន់រដ្ឋធានី​សេអ៊ូល ដែលអាចនឹងកើត​មានឡើងនៅចុងឆ្នាំ២០១៨៕

 

៣៖ ​ប្រទេសឥណ្ឌា​ត្រូវគេរាយការណ៍ថា នឹងទិញប្រេងពីអ៉ីរ៉ង់​ដោយប្រើប្រាស់​លុយរូពី ដើម្បីកុំឲ្យមានការ​ជាប់គាំងក្នុងករណី​​ ដែល​អ៉ីរង់​ត្រូវកាត់ផ្តាច់ចេញពី​បណ្តាញទូទាត់សាច់​ប្រាក់អន្តរជាតិ SWIFT ដោយសារកញ្ចប់​ទណ្ឌកម្មខ្នាតធំ​​របស់​អាមេរិក ដែល​បាន​ចូល​ជា​​ធរមាន​នា​ថ្ងៃចន្ទនេះ៕

 

៤៖ ប្រជាជនអ៉ីរ៉ង់ បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេសប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈទណ្ឌកម្មដ៏សម្បើមមួយ មិនធ្លាប់មានរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ​ លើទីក្រុងតេហេរ៉ង់ នឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទនេះ (ម៉ោងនៅអាមេរិក)៕

 

៥៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង បាននិយាយថា ការនាំចូល​ផលិតផល និងសេវាកម្មមកកាន់ប្រទេសចិនត្រូវបាន
វាយតម្លៃ​ថា នឹងកើនឡើងរហូតដល់ ៤០ទ្រីលានដុល្លារ (៤០លានលានដុល្លារ) ក្នុងរយៈពេល ១៥ឆ្នាំ ខាងមុខនេះ៕

 

៦៖ ក្រុមសកម្មប្រយុទ្ធ ១២នាក់ និងកងកម្លាំង​រដ្ឋាភិបាល ០៨នាក់ ត្រូវបានគេ​រាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុង ការប្រយុទ្ធគ្នាយ៉ាង​ក្តៅគគុក នៅក្នុង​ខេត្ត ហ្គាសនី (Ghazni) នៃតំបន់ចុងភាគ​ខាងកើតប្រទេស​អាហ្វហ្គានីស្ថាន៕