(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៉ីន នាថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសរបស់លោក កំពុងត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ប្រមុខដឹកនាំកូរ៉េខាងជើង មកកាន់រដ្ឋធានីសេអ៊ូល ដែលអាចនឹងកើតមានឡើងនៅចុងឆ្នាំ២០១៨។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
សម្តីរបស់លោក មូន ត្រូវបានបង្ហើបឲ្យដឹងដល់ក្រុមអ្នកសារព័ត៌មាន ដោយមន្រ្តីបក្សប្រជាធិបតេយ្យ នៅក្រោយកិច្ចប្រជុំរវាងលោក មូន ជែអ៉ីន និងបណ្តាថ្នាក់ដឹកនាំគណបក្សនយោបាយសំខាន់ៗទាំង ០៥ រួមមានទាំងបក្សប្រជាធិបតេយ្យ ដែលជាបក្សកាន់អំណាចនិងបក្សអភិរក្សនិយមសេរីកូរ៉េ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង។
នាឱកាសនោះ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់ថា ទីក្រុងសេអ៊ូល កំពុងត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់ លោក គីម ជុងអ៊ុន ដែលត្រូវបានអះអាងថា នឹងប្រព្រឹត្តទៅចុងឆ្នាំនេះ។ ទោះជាបែបនេះក្តី វាដូចជាឆាប់ពេកក្នុងការសន្និដ្ឋានថា ដំណើរទស្សនកិច្ចតបស្នងមកវិញនេះរបស់លោក គីម នឹងកើតមានឡើងតាមការគ្រោងទុក។
គួរជម្រាបថា ក្នុងជំនួបចុងក្រោយបំផុតរវាងលោក មូន និង លោក គីម នៅព្យុងយ៉ាង កាលពីខែកញ្ញាកន្លងទៅ លោក គីម ជុងអ៊ុន បានសន្យាថានឹងមកទស្សនកិច្ចនៅសេអ៊ូលវិញ ដើម្បីតបស្នងសម្រាប់ការធ្វើទស្សនកិច្ចរបស់ លោក មូន ជែអ៉ីន នៅឯរដ្ឋធានីរបស់កូរ៉េខាងជើង៕