(ហ្គាសនី)៖ ក្រុមសកម្មប្រយុទ្ធ ១២នាក់ និងកងកម្លាំងរដ្ឋាភិបាល ០៨នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក នៅក្នុងខេត្ត ហ្គាសនី (Ghazni) នៃតំបន់ចុងភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមមន្ត្រីអាហ្វហ្គានីស្ថាន ក្រុមសកម្មប្រយុទ្ធតាលីបង់បានធ្វើការវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យមួយចំនួន នៅក្នុងស្រុកខូហ្គានី (Khogiani) កាលពីវេលាម៉ោង ១២៖១០នាទី រំលងអធ្រាតឈានចូលថ្ងៃចន្ទនេះ ហើយកងកម្លាំងរដ្ឋាភិបាលនៅតំបន់នេះក៏បានបើកការវាយប្រហារតបតវិញ នៅរយៈពេលប៉ុន្មានម៉ោងបន្ទាប់។
ជាលទ្ធផលនៃការប្រយុទ្ធគ្នាយ៉ាងកក្រើកទាំងយប់នោះ កងកម្លាំងរដ្ឋាភិបាល០៨នាក់បានស្លាប់ និងក្រុមសកម្មប្រយុទ្ធ ១២នាក់ ក៏ស្លាប់ដូចគ្នា ខណៈមនុស្សសរុប ១៤នាក់ទាំងសងខាងទទួលរងរបួស។ ជុំវិញបញ្ហានេះរដ្ឋបាលប្រចាំខេត្ត Ghazni បានអះអាងនៅព្រឹកថ្ងៃច័ន្ទនេះថា កងកម្លាំងសន្តិសុខនឹងចេញល្បាត ព្រមទាំងបោសសម្អាតក្រុមសកម្មប្រយុទ្ធខាងលើនេះឲ្យអស់ ដើម្បីសន្តិភាពនៅក្នុងខេត្ត៕