(ញូដេលី)៖ ប្រទេសឥណ្ឌាត្រូវគេរាយការណ៍ថា នឹងទិញប្រេងពីអ៉ីរ៉ង់ដោយប្រើប្រាស់លុយរូពី ដើម្បីកុំឲ្យមានការជាប់គាំងក្នុងករណី ដែលអ៉ីរង់ត្រូវកាត់ផ្តាច់ចេញពីបណ្តាញទូទាត់សាច់ប្រាក់អន្តរជាតិ SWIFT ដោយសារកញ្ចប់ទណ្ឌកម្មខ្នាតធំរបស់អាមេរិក ដែលបានចូលជាធរមាននាថ្ងៃចន្ទនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
សារព័ត៌មានឥណ្ឌា Times of India បានចុះផ្សាយថា ឥណ្ឌានឹងស្តារកិច្ចព្រមព្រៀងចាស់មួយឡើងវិញ ស្តីពីការទូទាត់ប្រាក់តាមរយៈគណនីក្នុងធនាគារ UCO នៅប្រទេសឥណ្ឌា ដែលជាធនាគារពាណិជ្ជដ៏ធំមួយគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌាផ្ទាល់ និងមិនពាក់ព័ន្ធជាមួយបណ្តាញ SWIFT ឡើយ។
ពីមុនមកការទូទាត់ប្រាក់ទិញប្រេងរបស់ឥណ្ឌា ត្រូវបានបែងចែកជាពីរដោយ៤៥ភាគរយ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាលុយរូពី ចេញពីគណនីធនាគារ UCO និង ៥៥ភាគរយក្នុងទម្រង់ជាលុយអឺរ៉ូ។ ប៉ុន្តែពេលនេះ ឥណ្ឌា និងអ៉ីរ៉ង់ត្រូវគេរាយការណ៍ថា កំពុងសហការគ្នារៀបចំយន្តការថ្មី ដែលអនុញ្ញាតឲ្យអ៉ីរ៉ង់ទទួលបានប្រាក់ជាលុយរូពីទាំងអស់តែម្តង។ យន្តការនេះនឹងបន្តឲ្យឥណ្ឌាទិញប្រេងពីអ៉ីរ៉ង់ ទោះបីជាធនាគាររបស់អ៉ីរ៉ង់ ត្រូវបានហាមឃាត់មិនឲ្យប្រើបណ្តាញ SWIFT ក៏ដោយ។
គួរជម្រាបថា កញ្ចប់ទណ្ឌកម្មដែលអាមេរិកអះអាងថា ធំបំផុតមិនធ្លាប់មាន បានចូលជាធរមាននាថ្ងៃចន្ទនេះ ដោយវាទាក់ទិនទៅនឹងវិស័យដឹកញ្ជូនតាមកប៉ាល់ វិស័យហិរញ្ញវត្ថុ និងវិស័យថាមពលនៃប្រទេសអ៉ីរ៉ង់៕