(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក ជែរេមី ហាន់ត៍ (Jeremy Hunt) នៅថ្ងៃចន្ទនេះ​បាននិយាយថា លោកនឹងជំរុញ​ឲ្យក្រុមប្រឹក្សា​សន្តិសុខនៃអង្គការ​សហប្រជាជាតិ (UNSC) ធ្វើសកម្មភាព​​​ថ្មីមួយ ដើម្បីស្វែងរកដំណោះនយោបាយ​បញ្ចប់ជម្លោះ និងសង្រ្គាមរុំារ៉ៃ​នៅក្នុងប្រទេស​យ៉េមែន។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia​ នៅរសៀល​ថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រទេស​យ៉េមែន​បានធ្លាក់ខ្លួនទៅក្នុងភ្លើង​សង្រ្គាម អស់រយៈពេលជាង ៤ឆ្នាំមកហើយ។ សង្រ្គាមនេះ​បានផ្ទុះឡើងរវាង​ក្រុមឧទ្ទាម​ហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ និងរដ្ឋាភិបាល​យ៉េមែន ដែលមានក្រុមចំរុះ​អារ៉ាប់ដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត និងលោកខាងលិច​គាំទ្រនៅ ពីក្រោយ។ ដោយឡែក​ជុំវិញវិបត្តិនេះ​ដែរ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក Jeremy Hunt បានលើក​ឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ​ ចេញផ្សាយនៅថ្ងៃចន្ទ​នេះថា ក្រុមប្រឹក្សា​សន្តិសុខ UN គួរតែធ្វើ​សកម្មភាព និងបង្កើនល្បឿន​ក្នុងការដំណើរ​ការនៃកិច្ចចរចាស្វែងរក​សន្តិភាព។

លោក Hunt បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាព​ដែលចក្រភពអង់គ្លេស​នឹងត្រូវធ្វើ​ នៅឯក្រុមប្រឹក្សា​សន្តិសុខ នឹងជួយ​សម្រួល ដល់ការសម្រេច​ឱ្យបាននូវវត្ថុបំណង​បញ្ចប់ជម្លោះ​ទាំងស្រុង ​នៅក្នុងប្រទេស​យ៉េមែន តាមរយៈការ​ស្វែងរកបទឈប់បាញ់ជា
អចិន្រ្តៃយ៍​ ដែលភាគីជម្លោះ​ទាំងអស់ត្រូវតែអនុវត្តន៍​យ៉ាង​ពេញលេញ»។

គួរបញ្ជាក់ថា បើតាមប្រភព​ពីមន្ត្រីការទូត UN ជាច្រើន​នាក់ អង់គ្លេសនឹង​ធ្វើការជាមួយ​សហរដ្ឋអាមេរិក ដើម្បីធ្វើ​សេចក្ដីព្រាងដំណោះស្រាយមួយ សំដៅបញ្ឈប់​រាល់ការ​វាយប្រយុទ្ធ​​នៅក្នុងប្រទេស​យ៉េមែន ហើយការ​លើកឡើងនេះ​ធ្វើឡើងបន្ទាប់ពី
រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ បានអំពាវនាវ​កាលពីសប្ដាហ៍មុន​ ឱ្យមានការបទឈប់បាញ់​មួយនៅ​យ៉េមែន៕