(បារីស)៖ ប្រជាជនភាគច្រើននៃតំបន់រដ្ឋបាលបារាំង New Caledonia បានសម្រេចជ្រើសរើសឲ្យដែនដីកោះ នៅភាគខាងត្បូងមហាសមុទ្រប៉ាស៉ីហ្វិក បន្តស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំងដដែល នៅក្នុងការបោះឆ្នោតប្រជាមតិនាថ្ងៃអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាងលទ្ធផលបឋមបានបង្ហាញថា ប្រមាណជា ៦០ភាគរយ នៃអ្នកមានសិទ្ធិចូលរួមបោះឆ្នោតចំនួន ១៧៥,០០០នាក់ បានជ្រើសយកពាក្យថា «ទេ» ចំពោះការអំពាវនាវចង់ប្រកាសឯករាជ្យពីសំណាក់ក្រុមជនជាតិដើម Kanak។ ទន្ទឹមនឹងនេះប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ក៏បានថ្លែងស្វាគមន៍ចំពោះលទ្ធផលនេះផងដែរ។
គួរជម្រាបថា តំបន់ New Caledonia ដែលស្ថិតនៅចម្ងាយ ១៦,៧០០គីឡូម៉ែត្រពីប្រទេសបារាំង ត្រូវបានប្រកាសថាជាដែនដីនៅឯនាយសមុទ្ររបស់ប្រទេសអឺរ៉ុបនេះកាលពីឆ្នាំ១៩៤៦៕