(សេអ៊ូល)៖ ការស្លាប់ដោយសារតែការធ្វើការងារលើសកម្លាំង របស់ប្រជាជនកូរ៉េខាងត្បូង នៅតែជាបញ្ហាចោទនៅឡើយ សម្រាប់រដ្ឋាភិបាលប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បើទោះជាបច្ចុប្បន្នរដ្ឋាភិបាលរបស់លោក កំពុងព្យាយាមកែប្រែទម្លាប់អាក្រក់មួយនេះ តាមរយៈការកាត់បន្ថយម៉ោងធ្វើការ សម្រាប់ប្រជាពលរដ្ឋប្រចាំសប្ដាហ៍ក៏ដោយ។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ CNN នាពេលថ្មីនេះ លោកស្រី ផាក យុនស៊ុក (Park Hyun-suk) ដែលបានបាត់បង់ស្វាមីជាទីស្រឡាញ់ ដោយសារការធ្វើការងារលើសកម្លាំង បានរៀបរាប់ទំាងអារម្មណ៍ក្ដុកក្ដួលពីការនឹករលឹកដល់លោក ឈែ ស៊ូហុង (Chae Soo-hong) ជាស្វាមី។ លោកស្រី Park បានលើកឡើងបន្ថែមថា លោក Chae ធ្វើការងារជាអ្នកឯកទេសផ្គត់ផ្គង់ម្ហូប ចាងចូរីម (jangjorim) ដែលជាមុខម្ហូបដ៏មានប្រជាប្រិយ ភាពមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោក Chae បានធ្វើការងាររបស់លោក ដោយមិនខ្វល់ពីពេលវេលាឡើយ ហើយលោក ថែមចំណាយពេលដេកនៅពេលយប់ ទៅធ្វើការងារទៀតផងរហូតធ្វើឱ្យសុខភាពរបស់លោកចុះទ្រុឌទ្រោមយ៉ាងខ្លាំង និងឈានដល់សេចក្តីស្លាប់កាលពីព្រឹកថ្ងៃមួយនាអំឡុងខែសីហា ឆ្នាំ២០១៧ មុនពេលលោកកំពុងត្រៀមខ្លួនចេញដំណើរទៅធ្វើការ ទាំងស្ថិតនៅក្នុងពេលចុងសប្តាហ៍សោះនោះ។
ដោយឡែក បើតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង លោក Chae Soo-hong គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមមនុស្សរាប់រយនាក់ ដែលបានបាត់បង់ជីវិត ដោយសារតែការធ្វើការងារលើសកម្លាំង កាលពីឆ្នាំ២០១៧។ បន្ថែមពីលើនេះ ទិន្នន័យដដែលក៏បានឱ្យដឹងទៀតថា ប្រជាជនកូរ៉េខាងត្បូងធ្វើការងារក្នុងមួយសប្ដាហ៍ច្រើនម៉ោងជាង ប្រជាជននៃប្រទេសជាសមាជិកអង្គការ OECD (អង្គការសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ឬ Organisation for Economic Co-operation and Development) ស្ទើរតែទាំងអស់។
គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានសម្រេចចិត្តកាត់បន្ថយម៉ោងធ្វើការពី ៦៨ម៉ោងក្នុងមួយសប្ដាហ៍ មកនៅត្រឹម ៤០ម៉ោងក្នុងមួយសប្ដាហ៍វិញ ហើយការកាត់បន្ថយនេះត្រូវបានលោក មូន ហៅថា ជាឱកាសដ៏សំខាន់ដើម្បីទប់ស្កាត់ការស្លាប់ដោយសារការធ្វើការងារលើសកម្លាំង និងផ្ដល់ឱកាសឱ្យប្រជាជនកូរ៉េខាងត្បូងចំណាយ ពេលគ្រប់គ្រាន់រស់នៅជាមួយគ្រួសាររបស់ពួកគេ៕
ប្រភព៖ CNN (ថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨)