(វ៉ាស៊ីនតោន)៖ ខណៈមួយរយៈចុងក្រោយនេះមានដំណឹងថា យានអវកាសមួយចំនួនបានគាំងដំណើរការមួយពេលខ្លី ខ្លះនៅតែមិនទាន់អាចទាក់ទងបាន ហើយបេសកកម្មធំៗចំនួន ០២ បានឈានចូលដល់ទេបញ្ចប់ថែមទៀតនោះ ប្រហែលជាមានអ្នកព្រួយបារម្ភច្រើនជាក់ជាមិនខានថា វាដូចជាពុំសូវមានរឿងល្អៗកើតឡើងក្នុងវិស័យអវកាសសោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
យ៉ាងណាមិញ ទីភ្នាក់ងារអវកាសអាមេរិក NASA បានលើកឡើងថា ពុំមានរឿងអ្វីគួរឲ្យបារម្ភជុំវិញបញ្ហាទាំងអស់នេះឡើយ ព្រោះថាគម្រោងបេសកកម្មជាង ៦០គម្រោងទៀតឯណោះ កំពុងតែស្ថិតក្រោមការអភិវឌ្ឍនាខណៈពេលនេះ។ ថ្មីៗនេះ NASA ទើបតែបានប្រកាសបិទបញ្ចប់បេសកកម្មរយៈពេលវែងចំនួន ០២ គឺ កែវយឺតអវកាសឆ្លុះភព Kepler និងយាន Dawn ដែលបានទៅសិក្សាតំបន់អាចម៍ផ្កាយ។
ការឈានដល់ទីបញ្ចប់នៃបេសកកម្មទាំងពីរ បានកើតមានឡើងចំពេលយានអវកាសមួយចំនួន បាននិងកំពុងជួបបញ្ហាថែមទៀត។ យានរ៉ូវើ Opportunity នៅលើភពអង្គារ (Mars) នៅតែពុំមានការឆ្លើយតបជិត ០៥ខែហើយ ចាប់តាំងពីវាត្រូវបានគ្របដណ្តប់ដោយព្យុះធូលីនៅលើដែនដីនោះ រីឯកែវយឺតអវកាស Hubble និង Chandra ក៏បានគាំងដំណើរការមួយពេលខ្លី កាលពីខែតុលាផងដែរ។
គួរជម្រាបថា ទន្ទឹមពេលដែលបេសកកម្មធំៗចំនួន ០២ បានបញ្ចប់ទៅក៏ដោយ បេសកកម្មផ្សេងទៀតរបស់ NASA បាននិងកំពុងចាប់ផ្តើមប្រតិបត្តិការរបស់វាជាបណ្តើរៗទៅហើយដែរ តួយ៉ាងដូចជាកែវយឺតអវកាស TESS ដែលជាអ្នកបន្តវេនពី Kepler បានចាប់ផ្តើមឆ្លុះរកភពអេលៀន កាលពីចុងខែកក្កដា និងបានរកឃើញភពចំនួនរួចបាត់ទៅហើយ ដើម្បីបន្តវេនពីគ្រឿងយន្តមុនៗ ដែលដល់ពេលត្រូវសម្រាក។
ក្រៅពីនេះយាន Parker Solar Probe ដែលមានគោលដៅទៅកៀកព្រះអាទិត្យបំផុតនោះ ទើបតែបានបាញ់បង្ហោះឡើងទីអវកាសកាលពីខែសីហា និងកំពុងធ្វើដំណើរកាត់ផ្កាយរបស់យើងជាដំបូង។ ម៉្យាងវិញទៀត យានរ៉ូវើថ្មីសម្រាប់រុករកលើភពអង្គារ ឈ្មោះថា InSight នឹងទៅដល់ភពក្រហមយក្សនេះនៅចុងខែនេះ ខណៈយាន New Horizons នឹងផ្តល់កាដូឆ្នាំថ្មីតាមរយៈការហោះឆ្វែលដុំថ្មអវកាសមួយ នៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ Kuiper Belt ដែលនៅជាយប្រព័ន្ធព្រះអាទិត្យជាដើម៕