(សៀងហៃ)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បាននិយាយថា ការនាំចូលផលិតផល និងសេវាកម្មមកកាន់ប្រទេសចិនត្រូវបានវាយតម្លៃថា នឹងកើនឡើងរហូតដល់ ៤០ទ្រីលានដុល្លារ (៤០លានលានដុល្លារ) ក្នុងរយៈពេល ១៥ឆ្នាំ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងឱកាសនៃការថ្លែងសុន្ទរកថាបើកពិព័រណ៍នាំចូលចិន-អន្តរជាតិស្ដីពីការនាំចូល (China International Import Expo) ឬហៅកាត់ថា (CIIE) នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិក្នុងទីក្រុងសៀងហៃ នៅថ្ងៃចន្ទនេះ។ ថែ្លងនាឱកាសនោះ ប្រធានាធិបតីចិន ក៏បានបញ្ជាក់ដែរថា ការនាំចូលផលិតផលនឹងកើនឡើងដល់ ៣០ទ្រីលានដុល្លារ រីឯការនាំចូលសេវាកម្មរបស់ចិននឹងកើនឡើងដល់ ១០ទ្រីលានដុល្លារ ក្នុងរយៈពេល ១៥ឆ្នាំ ខាងមុខនេះ។
គួរបញ្ជាក់ថា បើតាមលោក ស៊ី ជិនពីង ពិព័រណ៍ CIIE គឺជាពិព័រណ៍លំដាប់ពិភពលោកស្ដីពីការនាំចូលដោយមានការចូលរួមពីប្រទេស និងអង្គការអន្តរជាតិសរុបចំនួន ១៧២ ចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ចំណែកឯសហគ្រាស និងក្រុមហ៊ុនច្រើនជាង ៣,៦០០ ក៏បានចូលរួមក្នុងពិព័រណ៍នេះដែរ ដែលគ្រប់ដណ្ដប់លើផ្ទៃ ៣០០,០០០ម៉ែត្រក្រឡា៕