(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានអះអាងថា កញ្ចប់ទណ្ឌកម្មធំបំផុតមិនធ្លាប់មាន ដែលនឹងត្រូវទម្លាក់លើទីក្រុងតេហេរ៉ង់នាថ្ងៃចន្ទដើមសប្តាហ៍នេះ នឹងអាចកែប្រែអាកប្បកិរិយារបស់មេដឹកនាំអ៉ីរ៉ង់បាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក Fox News លោក Pompeo បានបង្ហាញភាពជឿជាក់ថា កញ្ចប់ទណ្ឌកម្មដែលនឹងចូលជាធរមាននៅថ្ងៃទី០៥ ខែវិច្ឆិកានេះ នឹងផ្លាស់ប្តូរគោលនយោបាយនៃប្រទេសអ៉ីរ៉ង់ ទោះបីជាក្រុមមន្រ្តីក្នុងស្រុកមួយចំនួន និងអន្តរជាតិពុំមានទំនុកចិត្តលើមធ្យោបាយនាពេលកន្លងមករបស់រដ្ឋបាលអាមេរិកសព្វថ្ងៃក៏ដោយ។
ជុំវិញការដាក់ទណ្ឌកម្មនេះ លោករដ្ឋមន្រ្តីការបរទេសអាមេរិក ក៏បានលើកឡើងពាក់ព័ន្ធការសម្រេចចិត្តរបស់អាមេរិក ក្នុងការផ្តល់ការលើកលែងឲ្យប្រទេសចំនួន ០៨ អាចនាំចូលប្រេងពីអ៉ីរ៉ង់ផងដែរ។ ទោះលោក Pompeo មិនបញ្ជាក់ឈ្មោះប្រទេសចំៗក៏ដោយ លោកបានគូសបញ្ជាក់ថា បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបានរិះគន់ក៏ដូចជាថ្កោលទៅអាមេរិក ជុំវិញការដាក់ទណ្ឌកម្មឡើងវិញលើទីក្រុងតេហេរ៉ង់ នឹងពុំទទួលបានការអនុញ្ញាតឲ្យទិញប្រេងពីអ៉ីរ៉ង់ឡើយ។
គួរជម្រាបថា កញ្ចប់ទណ្ឌកម្មខាងលើ នឹងប៉ះពាល់លើវិស័យដឹកជញ្ជូនតាមកប៉ាល់ វិស័យហិរញ្ញវត្ថុ និងវិស័យថាមពលអ៉ីរ៉ង់៕