(វ៉ាស៊ីនតោន)៖ ខណៈដែលប្រទេសអារ៉ាប៊ីសាអូឌីត កំពុងតែបន្តការវាយប្រហារទៅលើប្រទេសយ៉េមែន ដោយគ្មានខ្វល់នឹងការអំពាវនាវពីសហរដ្ឋអាមេរិកនោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានចេញមុខរិះគន់ជាថ្មីបន្ថែមទៀត ដោយអះអាងថា ប្រទេសមជ្ឈិមបូព៌ាមួយនេះ កំពុងតែប្រើប្រាស់អាវុធដែលបានទិញពីសហរដ្ឋអាមេរិក ទៅប្រើប្រាស់ដោយខ្វះជំនាញពិតប្រាកដ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ងាកទៅមើលកាលពីថ្ងៃទី០៩ ខែសីហា កន្លងទៅនេះ ក្រុមចំរុះរបស់អារ៉ាប៊ីសាអូឌីតបានដឹកនាំការវាយប្រហារមួយ ទៅលើតំបន់សាអាដា (Saada) របស់ប្រទេសយ៉េមែន ដែលស្ថិតនៅខេត្តភាគខាងជើង ដោយក្នុងនោះវាបានធ្លោយទៅចំលើរថយន្តក្រុងដឹកក្មេងៗសិស្សសាលាមួយគ្រឿង និងបានផ្តាច់ជីវិតមនុស្សជាង ៥០នាក់ ដែលភាគច្រើនគឺជាក្មេងៗសិស្សសាលានោះតែម្តង។
ក្រោយការវាយប្រហារខាងលើនេះ ក្រុមការពារសិទ្ធិមនុស្ស សិទ្ធិកុមារ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សនានាបានធ្វើការរិះគន់យ៉ាងខ្លាំង ប៉ុន្តែអារ៉ាប៊ីសាអូឌីតមិនបានទទួលការព្រមាន ឬដាក់សម្ពាធណាមួយពីអន្តរជាតិនោះឡើយ។ រំលងមកប៉ុន្មានខែមកនេះ លោក ដូណាល់ ត្រាំ បែរជាចង់រំលឹករឿងនេះឡើងវិញ និងបានហៅទង្វើដែលអារ៉ាប៊ីសាអូឌីត បានប្រព្រឹត្តក្នុងសង្គ្រាមនៅយ៉េមែននោះថា «ជាការប្រើប្រាស់អាវុធទិញពីសហរដ្ឋអាមេរិក ដោយខ្វះជំនាញទៅវិញ...»។
ក្នុងបទសម្ភាសន៍មួយ ដែលទើបត្រូវបានចេញផ្សាយនៅថ្ងៃចន្ទ នេះបានដកស្រង់សម្តីលោក ដូណាល់ ត្រាំ យ៉ាងដូច្នេះថា «ខ្ញុំគិតថា វាគឺជាស្ថានភាពដ៏អាក្រក់ខ្លាំងណាស់។ ខ្ញុំពិតជាស្អប់បំផុតនៅពេលបានឃើញ ហេតុការណ៍ដ៏អាក្រក់បែបនេះកើតឡើងទៅលើរថយន្តក្រុង និងកុមារ...។ វាពិតជាទិដ្ឋភាពដ៏គួរឲ្យភ័យខ្លាំង នៅក្នុងការបង្ហាញព្រឹត្តិការណ៍ដែលបានកើតឡើងនោះ... វាពិតជាបង្ហាញច្បាស់ថា ពួកគេទាំងនោះមិនដឹងពីរបៀបនៃការប្រើប្រាស់អាវុធនោះឡើយ ដោយប្រការនេះពិតជាអាក្រក់ណាស់...។»
គួរបញ្ជាក់ថា បើតាមសម្តីរបស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកកំពុងតែសម្លឹងមិនដាក់ភ្នែកនោះឡើយចំពោះសង្គ្រាមនៅក្នុងប្រទេសយ៉េមែន ហើយលោក ត្រាំ ហ៊ានអះអាងថា ប្រទេសនេះបច្ចុប្បន្នកំពុងក្លាយជាកន្លែងដែលអាក្រក់បំផុត នៅលើភពផែនដីទៅហើយ។ ដោយឡែកសហរដ្ឋអាមេរិក ក៏មានរឿងជាច្រើនទៀតដែលត្រូវនិយាយជាមួយអារ៉ាប៊ីសាអូឌីតផងដែរ៕