(តេហេរ៉ង់)៖ ប្រជាជនអ៉ីរ៉ង់ បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេសប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈទណ្ឌកម្មដ៏សម្បើមមួយ មិនធ្លាប់មានរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ លើទីក្រុងតេហេរ៉ង់ នឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទនេះ (ម៉ោងនៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ នឹងចាប់អនុវត្តការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់ឡើងវិញ ស្របទៅតាមការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ហើយទណ្ឌកម្មនេះក៏ មានគោលដៅលើបណ្ដារដ្ឋ និងប្រទេសមួយចំនួន ដែលកំពុងធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់ផងដែរ។ ប៉ុន្តែ ទន្ទឹមនឹងទណ្ឌកម្មនេះ ត្រូវជាធរមាន ប្រជាជនអ៉ីរ៉ង់រាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យជាមួយការ ស្រែកច្រៀងជេរប្រទេច «ស្លាប់ទៅសហរដ្ឋអាមេរិក!»។ លើសពីនេះទៅទៀត យោធាអ៉ីរ៉ង់ តាមរយៈការស្រង់ពីប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុក បានអះអាងថាខ្លួននឹងដឹកនាំការធ្វើសមយុទ្ធយោធាផ្លូវអាកាសនៅថ្ងៃចន្ទនេះ និងនៅថ្ងៃអង្គារស្អែកដើម្បីបង្ហាញពី សមត្ថភាពការពារប្រទេស។
គួរបញ្ជាក់ថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងត្រូវអនុវត្តលើការនាំចេញប្រេង ក្រុមហ៊ុនដឹកជញ្ជូន និងធនាគារសំខាន់ ៗរបស់អ៉ីរ៉ង់ជាដើម ហើយបើតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ក្រុមហ៊ុនលំដាប់អន្តរជាតិចំនួន១០០ អាចនឹង ដកខ្លួនចេញពីអ៉ីរ៉ង អនុឡោមតាមការដាក់ទណ្ឌកម្មនេះ៕