(សេអ៊ូល)៖ កូរ៉េខាងជើងបានព្រមានសហរដ្ឋអាមេរិកជាថ្មីថា ទីក្រុងព្យុងយ៉ាងនឹងត្រឡប់ទៅរកគោលនយោបាយផលិតអាវុធ នុយក្លេអ៊ែរវិញ បើសិនជាទីក្រុងវ៉ាស៊ីនតោនមិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន ទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
កូរ៉េខាងជើងបានអនុវត្តគោលនយោបាយនុយក្លេអ៊ែរ ឬគេស្គាល់ថា«byungjin» អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តែក្រោយ មានកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៨នេះ មេដឹកនាំលោក គីម ជុងអ៊ុ បានសន្យាថា នឹងរំសាយអាវុធនុយក្លេអ៊ែរ ហើយងាកមកផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចជាតិវិញ និងដើម្បីរួចផុតពីការដាក់ទណ្ឌកម្មរបស់ អន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែរហូតមកទល់នឹងពេលនេះ បើទោះជាទីក្រុងព្យុងយ៉ាង បានបញ្ឈប់ការធ្វើតេស្ដេមីស៊ីល និងអាវុធនុយក្លេអ៊ែរក៏ដោយ ក៏សហរដ្ឋអាមេរិកទាន់បានដកទណ្ឌកម្មណាមួយពីទីក្រុងព្យុងយ៉ាងនោះទេ ហើយមិនតែប៉ុណ្ណោះរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ថែមទាំងបញ្ជាក់ឡើងវិញកាលពីថ្ងៃសុក្រផងដែថា សហរដ្ឋអាមេរិកនឹងមិនដកទណ្ឌកម្មពីកូរ៉េខាងជើង ជាដាច់ខាតរហូតទាល់តែទីក្រុងព្យុងយ៉ាង រំសាយអាវុធនុយក្លេអ៊ែរតាមការសន្យារបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ជាមួយលោក ដូណាល់ ត្រាំ ជាមុនសិន។
ដោយឡែក ជុំវិញការលើកឡើងនេះដែរ ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយវិញភ្លាមៗថា បើ សហរដ្ឋអាមេរិកមិនព្រមដកទណ្ឌកម្ម កូរ៉េខាងជើងគ្មានជម្រើសអ្វីផ្សេងក្រៅតែពីការត្រឡប់ទៅរកគោលនយោបាយនុយក្លេអ៊ែរ របស់ខ្លួនវិញតែប៉ុណ្ណោះ។ សេចក្ដីថ្លែងការណ៍នេះ បានគូសបញ្ជាក់ដូច្នេះថា៖« ពាក្យ byungjin អាចលេចចេញជារូបរាងជាថ្មីម្ដង ទៀត ហើយការអនុវត្តតាមគោលនយោបាយនេះក៏អាចនឹងត្រូវពិចារណាឡើងវិញផងដែរ»។
គួរបញ្ជាក់ថា កាលពីខែតុលាកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានប្រើប្រាស់ពាក្យពេចន៍ជាង១,៧០០ពាក្យ ដើម្បីរិះគន់ និងចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងដាក់សម្ពាធលើទីក្រុងសេអ៊ូល កុំឱ្យដកទណ្ឌកម្មសេដ្ឋកិច្ចពីទីក្រុងព្យុងយ៉ាង៕