(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីរ៉ង់ លោក Amir Hatami បានប្រកាសជាផ្លូវការហើយពីការចាប់ផ្ដើមផលិតយន្ដហោះចម្បាំង នៅក្នុងស្រុកជំនាន់ទី៤ ជាលក្ខណៈទ្រង់ទ្រាយធំ ខណៈទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុងតេហេរ៉ង់ នឹងត្រូវចូលជា ធរមាននៅថ្ងៃចន្ទស្អែកនេះ (ម៉ោនៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការប្រកាសខាងលើរបស់លោក Amir Hatami ធ្វើឡើងនៅក្នុងពិធីសម្ពោធចាប់ផ្ដើមផលិតយន្ដហោះចម្បាំងជំនាន់ទី៤ ឈ្មោះ Kowsar នៅក្នុងសប្ដាហ៍នេះ។ លោក Hatami បានគូសបញ្ជាក់នាឱកាសនោះដូច្នេះថា៖«យន្ដហោះចម្បាំង Kowsar នឹងត្រូវបាន ផលិត ហើយដាក់ឱ្យដំណើរការសម្រាប់កងទ័ពអាកាសក្នុងរយៈពេលអនាគតដ៏ខ្លី ស្របពេលដែលយើងកំពុងប្រឈមមុខនឹង សង្រ្គាមចិត្តសាស្ត្រ ការឃោសនាអកុសល និងទណ្ឌកម្មសេដ្ឋកិច្ចពីសត្រូវ...តែអ៊ីរ៉ង់នឹងមិនចុះញមដោយសារតែការគំរាមកំហែង ទាំងនេះឡើយ ហើយយើងនឹងបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួនប្រកបដោយសន្តិភាព និងដើម្បីការពារដែនអធិបតេយ្យ របស់ខ្លួន»។
សូមជម្រាបថា បើតាមលោក Amir Hatami យន្ដហោះជំនាន់ទី៤ Kowsar គឺមានបំពាក់ទៅដោយអាវុធ និងបច្ចេកវិទ្យាទំនើបៗ
ចុងក្រោយបំផុតរបស់អ៊ីរ៉ង់ ក្នុងនោះរួមមានទាំងប្រព័ន្ធរ៉ាដា ប្រព័ន្ធគ្រប់គ្រងការបាញ់ចេញ និងប្រព័ន្ធវិទ្យុគ្រប់គ្រងការហោះហើរ ជាដើម៕