(ម៉ានីល)៖ ដូនជីគ្រឹស្ដសាសនា និងជាអ្នករិះគន់ប្រធានាធិបតីហ្វីលពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ឥតសម្ចៃមាត់ម្នាក់ឈ្មោះ Patricia Fox បានធ្វើដំណើរទៅដល់ទីក្រុង Melbourne ប្រទេសអូស្រ្តាលីហើយ ​នៅព្រឹកថ្ងៃអាទិត្យនេះ ក្រោយត្រូវបណ្ដេញចេញពី ប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News ​នៅថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដូនជី Patricia Fox មានអាយុ៧២ឆ្នាំ ធ្លាប់បានធ្វើឱ្យលោក ឌូតឺតេ ខឹងសម្បារយ៉ាងខ្លាំង តាមរយៈការរិះគន់ និងថ្កោលទោសជា បន្តបន្ទាប់លើការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ នៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជនគ្រឿងញៀន របស់បុរសខ្លាំង រូបនេះ។ តែទោះជាត្រូវបណ្ដេញចេញហ្វីលីពីន កាលពីថ្ងៃសៅរ៍ក៏ដោយ ដូនជី Patricia នៅតែអំពាវនាវដដែលឱ្យលោក ឌូតឺតេ ស្ដាប់សំឡេងតវ៉ារបស់ក្រុមមនុស្សភាគតិច។ ដូនជី Patricia បានគូសបញ្ជាក់ដូច្នេះថា៖ «យើងមិនគួរតែស្ដាប់តែយោធា ឬក្រុម អ្នកជំនួញនោះទេ តែយើងក៏គួរតែស្ដាប់ផងដែរសំឡេងតវ៉ារបស់ជនក្រីក្រ កម្មករ និងជនជាតិដើមភាគតិច»

គួរបញ្ជាក់ថា ទិដ្ឋាការបេសកកម្មរបស់ដូនជី Patricia Fox ដែលបានចំណាយពេលរស់នៅក្នុងប្រទេសហ្វីលីពីនជាង៣០ឆ្នាំ ត្រូវ បានអាជ្ញាធរហ្វីលីពីនប្ដូរទៅជាទិដ្ឋាការទេសចរណ៍បណ្ដោះអាសន្ន កាលពីខែតុលាកន្លងទៅ។ មិនតែប៉ុណ្ណោះ ដូនជីរូបនេះក៏ធ្លាប់ ត្រូវបានឃុំខ្លួនរយៈពេលខ្លី កាលពីខែមេសាផងដែរ ជុំវិញការរិះគន់លើរដ្ឋាភិបាលលោក ឌូតឺតេ ជាពិសេសគឺសង្រ្គាមគ្រឿងញៀន ដែលក្រុមសិទ្ធិមនុស្សបានអះអាងថាបានផ្ដាច់ជីវិតមនុស្សជាង ១២,០០០នាក់ ចាប់តាំងឆ្នាំ២០១៦។ ក៏ប៉ុន្តែ លោក ឌូតឺតេ បាន ចាត់ទុកថាការរិះគន់របស់ដូនជី Patricia គឺរំលោភលើអធិបតេយ្យភាពរបស់ហ្វីលីពីន៕