(វ៉ាស៊ីនតោន)៖ ក្មេងស្រីសិស្សសាលា០៣នាក់ និងស្ត្រីម្នាក់បានបាត់បង់ជីវិតនៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ក្រោយត្រូវរថយន្ដមួយគ្រឿងបុកពេញមួយទំហឹង ខណៈពួកគេកំពុងដើរប្រមូលសំរាមនៅតាមផ្លូវក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក។ នេះបើតាមអាជ្ញាធរនៅក្នុងតំបន់ ដកស្រង់ដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរតំបន់ Lake Hallie ក្មេងស្រ្ដីម្នាក់ទៀតក៏បានរងរបួសធ្ងន់ផងដែរ រីឯអ្នកបើកបររថយន្ដបង្កម៉ាក Ford F-150 ត្រូវបានគេរាយការណ៍ថាជាអ្នករស់នៅក្នុងរដ្ឋ Wisconsin ហើយរូបគេបានរត់ខ្លួនពីកន្លែងកើតហេតុ។ តែក្រោយមកបានសម្រេច ចិត្តប្រគល់ខ្លួនឱ្យប៉ូលិស ដែលបានបញ្ជាក់អត្តសញ្ញាណបុរសរូបនេះមានឈ្មោះថា Colton Treu មានអាយុ២១ឆ្នាំ មកពីទីក្រុង Chippewa Falls។
គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើងនៅចំងាយប្រហែល០៨គីឡូម៉ែត្រពីតំបន់ Lake Hallie ស្ថិតនៅ
ភាគខាងលិចរដ្ឋ Wisconsin៕